(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំង ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូន ទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ នៅរសៀលថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បី អនុវត្តតាមនីតិវិធី។
សមត្ថកិច្ចប្រាប់ថាៈ កាលពីវេលាម៉ោង១០ និង៤០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកង រាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត បានឃាត់ខ្លួនជន សង្ស័យម្នាក់ឈ្មោះ ជា ជាក់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីហិង្សា ដោយចេតនាមាន ស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅ ចំណុចក្រោយស្តង់៤២ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត បានឱ្យដឹងថា កាលពីវេលា ម៉ោង២០និង៣០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែតបាន ទទួលព័ត៌មាន ពីប្រជាពលរដ្ឋថា នៅចំណុចខាង លើមានករណីហិង្សា (កាប់នឹងពូថៅ) បណ្ដាលឱ្យរងរបួសធ្ងន់។
ភ្លាមៗនោះកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង បានចុះទៅដល់ កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យ រួមទាំងដកហូត វត្ថុតាងពូថៅដងឈើ រួចនាំមកកាន់មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងដើម្បីសួរនាំ។
លោកវរសេនីយត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ជនសង្ស័យក្រោយពី សមត្ថកិច្ចឃាត់ខ្លួន ហើយបានធ្វើតេស្ត ទឹកនោមរកឃើញ មានសារធាតុញៀន ហើយជនសង្ស័យក៏ បានឆ្លើយសារភពថា រូបខ្លួនពិតជាបានយក ពូថៅកាប់ទៅលើ ជនរងគ្រោះប្រាកដមែន ដោយសារខ្លួននិងជន រងគ្រោះមានគំនុំ នឹងគ្នាតាំងពី២ខែ មុនមកម្ល៉េះ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ ប្រាប់ទៀតថា ចំណែកជនរងគ្រោះឈ្មោះ សារឿន សែន ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុនមង្គលបុរី។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកង រាជអាវុធហត្ថក្រុង ប៉ោយប៉ែត បានកសាង សំណុំរឿងបញ្ជូន មកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យចាត់ ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ ទទួលការងារ ស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត និងមានការសម្របសម្រួល នីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យ ព្រហ្មទណ្ឌកងរាជអាវុធហត្ថ ខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕