(ភ្នំពេញ)៖ អង្គភាពនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣ ខែមីនាឆ្នាំ២០២៤បានឱ្យដឹងថា៖ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១២និង៣៦នាទី នៅភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត មានករណី ឆបោកមានស្ថាន ទម្ងន់ទោស (ក្រុមមានការ ចាត់តាំងឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា) បណ្ដាលឲ្យជនរងគ្រោះឈ្មោះ ថុន សុនៀវ ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត ខាតបង់ប្រាក់ចំនួន ៤,០០០ដុល្លារ។
សមត្ថកិច្ចបញ្ជាក់ថា ៖ ដោយជនល្មើស ជាក្រុមមានការចាត់តាំង មានគូកនច្រើននាក់ បែងចែកភារកិច្ចរៀងៗខ្លួន ធ្វើសកម្មភាព ហែកគណនីធនាគារ យកទៅប្រើប្រាស់ និងទិញគណនីធនាគារ ដើម្បីផ្ទេរប្រាក់បន្ដ នៅពេលធ្វើសកម្មភាព។
ជនល្មើសបានធ្វើ សកម្មភាពឆបោក ប្រាក់ពីជនរងគ្រោះ ឲ្យផ្ទេរចូលទៅក្នុង គណនីធនាគារដែល ហែកបាន រួចផ្ទេរប្រាក់ បន្ដទៅគណនីដែល បានទិញជាបន្ដបន្ទាប់ទៀត ដែលមានឈ្មោះ ចាប សាវី ហៅបុក ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិពោធិ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាអ្នកប្រមូលទិញ គណនីធនាគារ។
ក្រោយពីទទួលបានបណ្តឹង របស់ជនរងគ្រោះ កម្លាំងជំនាញរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានស្នើមកនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ដើម្បីសុំធ្វើការសហការ ការស្រាវជ្រាវ ដោយតាមនីតិវិធី និងជំនាញរហូតកំណត់ បានទីតាំងលាក់ខ្លួន របស់ជនសង្ស័យខាងលើ ។
ដោយអនុវត្តតាម បទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១១និង៣០នាទី កម្លាំងជំនាញរបស់ នាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជា មួយស្នងការដ្ឋាន នគរបាលខេត្តកំពត ដោយបានឃាត់ខ្លួនឈ្មោះ ចាប សាវី ហៅបុក ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ នៅចំណុចភូមិព្រៃព្រីង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យខាង លើត្រូវបាននាយក ដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នង ការដ្ឋាននគរបាលខេត្តកំពត ដែលជាម្ចាស់ករណី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕