(ភ្នំពេញ)៖ ម្ចាស់គោយន្តឈ្មោះ ញឹន សូត្រ ត្រូវបានលោក ថាំង សុខលីម ព្រះរាជអាជ្ញារង នៃអយ្យកាអម សាលាដំបូងខេត្តកំពង់ចាម អនុញ្ញាតឲ្យវិលត្រឡប់ ទៅមូលដ្ឋានវិញហើយ! នេះបើយោងតាម សេចក្តីបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់ សាធារណជន ពិសេសអ្នកនិយម ប្រើប្រាស់នូវបណ្ដាញ សង្គមហ្វេសប៊ុកជ្រាបថា ចំពោះការចុះផ្សាយព័ត៌មាន ស្ដីពីការឃាត់ខ្លួនមនុស្សម្នាក់ ពាក់ព័ន្ធនឹងករណីធ្លាក់ ទ្រុងគោយន្តកៀបជាង ជួសជុលជាប់នឹងសាក់ស៊ី បណ្តាលឲ្យស្លាប់ នៅក្នុងភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចំការលើ ។
កាលពីថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង០៩ និង៤៥នាទី សមត្ថកិច្ចយើងខ្ញុំ បានទទួលព័ត៌មានថា មានករណីធ្លាក់ទ្រុង គោយន្តកៀបជាងដែល កំពុងជួសជុលជាប់ នឹងសាក់ស៊ីបណ្តាលឲ្យស្លាប់ នៅចំណុចភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចំការលើ ។
បន្ទាប់ពីទទួលព័ត៌មាននេះភ្លាម សម្ថកិច្ចជំនាញ ចុះពិនិត្យស្រាវជ្រាវស៊ើបអង្កេត ដល់កន្លែងកើតហេតុ ជាលទ្ធផលឃើញថា កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២៤ ឈ្មោះ វី រ៉ាវុធ ជាជាងជួសជុលគោយន្ត បានប្រើឲ្យម្ចាស់ គោយន្តឈ្មោះ ញឹន សូត្រ ដែលយកគោយន្ត មកឲ្យជួសជុល ទៅទិញកាឡេខ្វែង និងប្រេងប្រាំង ដើម្បីយកមកផ្លាស់ប្តូរ ។
ពេលត្រឡប់មកវិញ នៅពេលដែលកំពុង ជួសជុលវេលាម៉ោង ប្រហែល០៩ និង៣០នាទី ឈ្មោះ វី រ៉ាវុធ ជាជាងជួសជុល បានហៅឈ្មោះ ញឹន សូត្រ ជាម្ចាស់គោយន្ត ឲ្យមកពិនិត្យគោយន្ត ដែលខ្លួនជាជាងជួសជុល បានឡើងបញ្ឆេះគោយន្ត និងបែនទ្រុងគោយន្តឡើងលើ បន្ទាប់មកក៏បានឲ្យឈ្មោះ ញឹន សូត្រ ឡើងលើកាប៊ីនវិញម្តង ។
រីឯឈ្មោះ វី រ៉ាវុធ ចុះពីលើកាប៊ីន មកឈរនៅក្បែរកង់ក្រោយ ផ្នែកខាងឆ្វេង បន្ទាប់មកឈ្មោះ វី រ៉ាវុធ បានអោនពិនិត្យ មើលប្រអប់លេខបត់ និងឮសំឡេងជាង កំពុងដំអ្វីម្យ៉ាង (មើលមិនឃើញ) ហើយទ្រុងបែន គោយន្តដែលបញ្ឈរនោះ ក៏ធ្លាក់ចុះសង្កត់ឈ្មោះ វី រ៉ាវុធ គៀបជាប់នៅនឹង សាក់ស៊ីបណ្តាលឲ្យស្លាប់តែម្តង ។
ដោយមានការសង្ស័យ បន្ទាប់ពីសាកសួររួច ដើម្បីឲ្យការស្រាវជ្រាវ ស៊ើបអង្កេតអនុវត្ត ត្រឹមត្រូវតាមនីតិវិធី និង អនុវត្តតាមបញ្ជា របស់ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យកាអម សាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ចយើងបាន សម្រេចឃាត់ខ្លួនឈ្មោះ ញឹន សូត្រ ជាបណ្ដោះអាសន្ន ចងក្រងសំណុំរឿង តាមនីតិវិធី និងបានបញ្ជូន ទៅអយ្យការអម សាលាដំបូង ខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែកុម្ភះ ឆ្នាំ២០២៤ ។
រហូតមកដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ឈ្មោះ ញឹន សូត្រ ត្រូវបានលោក ថាំង សុខលីម ព្រះរាជអាជ្ញារង នៃអយ្យកាអម សាលាដំបូងខេត្តកំពង់ចាម អនុញ្ញាតឲ្យវិល ត្រឡប់ទៅមូលដ្ឋានវិញ ៕