(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធី « រាត្រីស្រមោលសរ សំពត់បត់ខ្មែរ » ដែលផ្តួចផ្តើមរៀបចំឡើង ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសាលសន្និសិទចតុមុខ រាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃសៅរ៍ ៧រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោត សសើរនិងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពនាថ្ងៃនេះ ដែលមិនត្រឹមតែឆ្លុះបញ្ចាំង ឱ្យឃើញពីកិច្ចខិតខំ ថែរក្សានូវទម្រង់សម្លៀក បំពាក់បុរាណខ្មែរ កេរដំណែលដ៏អស្ចារ្យនៃបុព្វ បុរសខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជាការយកចិត្ត ទុកដាក់ខ្ពស់ដល់ការផ្សព្វផ្សាយ និងការជំរុញលើកទឹកចិត្ត បណ្តុះគំនិតសំពត់បត់ខ្មែរ នៅក្នុងសង្គមខ្មែដល់ ប្រជាជនទូទៅឱ្យជ្រាបកាន់តែច្បាស់ និងសម្រេចចិត្ត ប្រើប្រាស់កាន់តែច្រើន ដើម្បីរួមចំណែក ដល់ការពង្រឹង អត្តសញ្ញាណជាតិយើង។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា វប្បធម៌បានបញ្ជាក់ ពីឫសគល់នៃអរិយធម៌ ដ៏ចំណាស់របស់ជាតិយើង ដូច្នេះការថែរក្សានិងអភិវឌ្ឍ និងលើកតម្កើងកេរដំណែលវប្បធម៌ដ៏ល្អឯកនេះ គឺជាភារកិច្ចរបស់ កូនខ្មែរគ្រប់ៗរូប ដែលត្រូវយល់ឱ្យ ច្បាស់ពីប្រវត្តិ តម្លៃកេរដំណែល អត្ថន័យនៃសម្លៀកបំពាក់ របៀបរបបនៃការប្រើប្រាស់ ទៅតាមពិធីនិងពេលវេលា ព្រមទាំងការចូលរួមផ្សព្វផ្សាយ កម្រិតជាតិនិងអន្តរជាតិផងដែរ។
ទម្រង់រចនាបទក្បាច់ និងរបៀបស្លៀកពាក់ នៃសម្លៀកបំពាក់ ប្រពៃណីខ្មែរយើង មានប្រវត្តិយូរលង់ ណាស់មកហើយ ពោលគឺបានកើត មានមុនពេលដែល មនុស្សយើងបង្កើត តួអក្សរទៅទៀត។ ភស្តុតាងបុរាណវិទ្យា បានបង្ហាញឱ្យ ឃើញច្បាស់អំពីរបៀប របបរស់នៅ សម្ភារប្រើប្រាស់ និងសម្លៀកបំពាក់បិទបាំងរាងកាយ របស់ជនជាតិខ្មែរយើងតាំងពីសម័យបុរេប្រវត្តិមក ព្រមទាំងមានតឹកតាង បន្ថែមតាមរយៈចម្លាក់តាម ប្រាសាទនានា សិលាចារឹក ជាពិសេសតាម ជញ្ជាំងប្រាសាទបាយ័ន បន្ទាយឆ្មារ អង្គរវត្តជាដើម ដែលជាកំណត់ត្រាដ៏ច្បាស់លាស់ នៃប្រភេទទម្រង់ រចនាបទក្បាច់ ប្រភេទអ្នកប្រើប្រាស់ និងពិធីនានា។
ដើម្បីជាការចូលរួមចំណែក ក្នុងការលើកស្ទួយនូវសំពត់ខ្មែ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានស្នើដល់ ÷ ១.ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គប្បីពង្រឹងការផ្សព្វផ្សាយ ក៏ដូចជាការបង្កើតឱ្យមាន កម្មវិធីដូចពេលនេះ ឱ្យកាន់តែច្រើន ដើម្បីចៀសវាងនូវ ការយល់ច្រឡំនានាជាយ ថាហេតុមកលើ សម្លៀកបំពាក់ ប្រពៃណីខ្មែរយើង។ ២.គ្រប់សិល្បៈករ និងអ្នកច្នៃម៉ូតទាំងអស់ គួរពិនិត្យឱ្យបានល្អិតល្អន់ នូវការច្នៃប្រឌិតថ្មី កុំឱ្យប្រាសចាកពីលំនាំដើមនៃសម្លៀកបំពាក់ កុំតម្រូវខ្លាំងជ្រុលទៅតាម តម្រូវការទីផ្សារដែលនាំឱ្យ ប៉ះពាល់ដល់ទម្រង់ដើមនៃ សម្លៀកបំពាក់យើង។
គួរំលឹកផងដែរ កម្មវិធីនេះមានរយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១-៣ ខែមីនា ឆ្នាំ២០២៤ ដោយមានការតាំង ពិព័ណ៌នូវផលិតផល ដែលជាស្នាដៃ របស់ខ្មែផងដែរ៕