ភ្នំពេញ ៖ ការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ត្រូវបានរៀបចំឡើង តាមការគ្រងទុក និងបាន បញ្ចប់ទៅវិញប្រកប ដោយភាពស្ងប់ស្ងាត់ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ។
គ្រប់គណបក្សនយោបាយ អ្នកគាំទ្រ បានអនុវត្តសិទ្ធិនយោបាយ ប្រកបដោយសមភាព និងសេរីភាពពេញបរិបូរណ៍។ អង្គបោះឆ្នោត ដែលមានសិទ្ធិបោះឆ្នោត បានអញ្ជើញចេញទៅ អនុវត្តសិទ្ធិរបស់ខ្លួន ដោយឈរលើមូលដ្ឋាន នៃការសម្រេចចិត្ត ដោយគ្មានការគម្រាមកំហែង ឬបង្ខិតបង្ខំ។
សន្តិភាព និងស្ថិរភាពនយោបាយ ដែលបានចាក់ឬសយ៉ាងរឹងមាំ បានរួមចំណែកធ្វើឱ្យ ដំណើរការប្រជាធិបតេយ្យ នៅព្រះរាជាណាចក្រ កម្ពុជាមានភាពស្វាហាប់ និងម្ចាស់ការ ដែលយើងអាច រៀបចំការបោះឆ្នោត ប្រកបដោយជោគជ័យ ស្របតាមនិយាមជាតិ និងអន្តរជាតិ។ ខ្ញុំសូមយកឱកាសនេះថ្លែង អំណរគុណដល់ស្ថាប័ន និងភាគីពាក់ព័ន្ធ រួមមាន គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច មន្រ្តីការិយាល័យបោះឆ្នោត ភ្នាក់ងារគណបក្ស និងអ្នកសង្កេតការណ៍ ដែលបានចូលរួមធានា ប្រក្រតីភាពនៃដំណើរ ការបោះឆ្នោត ទទួលបាននូវភាពត្រឹមត្រូវ និងយុត្តិធម៌សម្រាប់ គ្រប់គណបក្សនយោបាយ ៕