(ភ្នំពេញ)៖ ដឹងមុខអ្នកបើករថយន្ត Lamborghini បង្កហេតុហើយគឺ ជាជនជាតិចិន ដែលបើកបរស្ថិតក្នុង ស្ថានភាពស្រវឹងខ្លាំង ដែលមានកម្រិត ជាតិអាកុលក្នុង ខ្លួនរហូតដល់ 0.86មីលីក្រាម ក្នុង១លីត្រខ្យល់ ។
អ្នកនាំពាក្យនគរបាល រាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តស៊េរីទំនើបម៉ាក Lamborghini បើកបុកម៉ូតូមួយគ្រឿង បណ្តាលឱ្យមានមនុស្សម្នាក់ ស្លាប់កាលពីយប់មិញ នៅលើមហាវិថីសហព័ន្ធរុស្ស៊ី អ្នកបើករថយន្តបង្ក មិនមែនជា តារា TikTok Pa Fi Do នោះទេ គឺជាជនជាតិចិនម្នាក់ទៀត ជាអ្នកបើក ដែលមានជាតស្រវឹងខ្លាំង ដែលមានកម្រិតជាតិ អាកុលក្នុងខ្លួនរហូតដល់ 0.86មីលីក្រាម ក្នុង១លីត្រខ្យល់ ។
ជនបើកបរបង្កឈ្មោះ « ហ្វូ សុងហ័រ » ជាជនជាតិចិន ដោយក្នុងនោះមាន ជនជាតិចិនម្នាក់ទៀត ឈ្មោះប៉ាហ្វីដូ ដែលត្រូវបាន មហាជនស្គាល់ថា ជាអ្នកលេងបណ្តាញ សង្គមល្បីម្នាក់ គឺពុំមែនអ្នកបើកនោះឡើយ គ្រាន់តែបានរួមដំណើរជាមួយ ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ បានបន្តថា ៖ ករណីនេះរថយន្តបង្ក បើកបុកម៉ូតូជនរងគ្រោះ ដែលជិះធ្វើដំណើរស្របទិសគ្នា ហើយក្រោយបង្កហេតុ ក៏បានព្យាយាមបើករត់គេច តែត្រូវពលរដ្ឋអ្នក ឃើញហេតុការណ៍ ជិះដេញ តាមចាប់ប្រគល់ ជូនសមត្ថកិច្ច ។
គួររំលឹកថា ករណីគ្រោះថ្នាក់ ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង១រំលង អាធ្រាត្រឈានចូលថ្ងៃ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះ ម៉ូតូម្នាក់ឯងម៉ាក ហុងដាឌ្រីម ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1V-9127 ធ្វើដំណើរក្នុងទិស ដៅពីកើតទៅលិច ។ ខណៈមកដល់ ចំណុចកើតហេតុ ក៏ត្រូវបានរថយន្តម៉ាក ឡាំបូគីនី ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កម្ពុជាF.R.999 បើកបុក ពីក្រោយពេញទំហឹង បណ្តាលឱ្យជនរងគ្រោះ ដួលបោកក្បាលស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងតែម្តង ។
បច្ចុប្បន្នកម្លាំង សមត្ថកិច្ចកំពុងកសាង សំណុំរឿងបញ្ជូនអ្នកបើកបរ រថយន្តបង្កហេតុទៅ កាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕