(ខេត្តពោធិ៍សាត់)៖ យោងតាមប្រភពព័ត៌មាន ពីរបស់អគ្គស្នងការដ្ឋាន នគរបាលជាតិ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២៤នេះថា យ៉ាងហោចណាស់ មានអ្នករងរបួសធ្ងន់ ០៤នាក់ របួសស្រាល ០១នាក់ក្នុងឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ រថភ្លើងបុករថយន្ត ចំណុចផ្លូវឆ្លងចូលត្រពាំងសង្កែ ចន្លោះគីឡូម៉ែត្រ លេខ១៩១-១៩២ ស្ថិតនៅភូមិក្រពើរោទិ៍ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីល្ងាចថ្ងៃទី១៩ ខែកុម្ភៈម្សិលមិញនេះ។
ប្រភពព័ត៌មាន បានប្រាប់ឲ្យដឹងថា៖ មុនពេលកើតហេតុ គេបានឮរថភ្លើងបាន បន្លឺសម្លេងស៊ីផ្លេ មុនមកដល់ ចំណុចមានយន្ត ជំនិះផ្សេងឆ្លងកាត់ ដោយបានបញ្ជាក់ ពីការមកដល់រថភ្លើង ដែលកំពុងសណ្ដោង ដឹកប្រេង ធ្វើដំណើរក្នុងទិ សដៅពីលិចទៅកើត ដល់ចំណុចកើត ហេតុខាងលើស្រាប់ តែរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-8596 ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 4A-3487 បានបើកឆ្លងផ្លូវពីជើងទៅត្បូង ខណៈនោះ រថភ្លើងបានបុករថយន្ត បណ្តាលឲ្យ រថយន្តធ្លាក់ផ្លូវ និងរងរបួសអ្នកធ្វើ ដំណើរតាមរថយន្ត ចំនួន០៥នាក់ ឃើញហេតុការណ៍ ដូចនេះប្រភពបាន រាយការណ៍ជូនសមត្ថ កិច្ចដើម្បីជួយអន្តរាគមន៍ និងជួយសង្គ្រោះជនរងគ្រោះ។
លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាន នគរបាលស្រុកបាកាន បានបញ្ជាក់ឲ្យដឹងថា៖ គ្រោះថ្នាក់រវាងរថភ្លើង នឹងរថយន្តខាងលើ បណ្តាលឲ្យមាន អ្នករបួសធ្ងន់ចំនួន០៤នាក់ និងស្រាល០១នាក់។
លោកបានបន្តថា អ្នកបើកបររថយន្តម៉ាក ហ៊ីយ៉ានដាយមានឈ្មោះ ណូក ប៊ុនហួយ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្ពាន ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មិនមានរបួសទេ ក្នុងនោះអ្នករួមដំណើរ ចំនួន០៦នាក់ មានរងរបួសធ្ងន់ ស្រាលចំនួន០៥នាក់ ទី១ឈ្មោះ យ៉ាន់ រ៉ា ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិស្ដុកស្វាយ ឃុំស្នាមព្រះ រងរបួសស្រាល ទី២ឈ្មោះ វ៉ាន់ ប៊ន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិស្ដុកស្វាយ ឃុំស្នាមព្រះ រងរបួសធ្ងន់ ទី៣ឈ្មោះ ឈម នាង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិស្ដិកស្វាយ ឃុំស្នាមព្រះ រងរបួសធ្ងន់ ទី៤ឈ្មោះ សាយ សុខនី ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិស្ដិកស្វាយ ឃុំស្នាមព្រះ រងរបួសធ្ងន់ ទី៥ឈ្មោះ នូ បារាំង ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិស្ដិកស្វាយ ឃុំស្នាមព្រះរងរបួសធ្ងន់ ចំពោះអ្នករងរបួស ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសង្គ្រោះ ព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្តពោធិ៍សាត់ បច្ចុប្បន្នវត្ថុតាង រថយន្ត ត្រូវបានសមត្ថកិច្ចយក មករក្សាទុកនៅប៉ុស្តិ៍ រីឯរថភ្លើងនិងអ្នកបើក បរមានឈ្មោះ ឡោ សាវី ភេទប្រុស អាយុ៥៣ឆ្នាំ អោយបន្តដំណើរទៅមុខបន្ត ដោយទុកលេខទូរសព្ទ សម្រាប់ទំនាក់ទំនង៕