ខេត្តព្រះវិហារ៖នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងអធិកាដ្ឋាននគរបាលស្រុកឆែប បញ្ជូនខ្លួនជនជាតិចិនប្រុសស្រី៣នាក់ និងអ្នកបើកបរដឹកជញ្ជូនម្នាក់ ខណៈលួចឆ្លងដែនខុសច្បាប់ទៅកាន់ការិយាល័យផ្នែកអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារដើម្បីចាត់វិធានការតាមនីតិវិធី ។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ស៊ឹម សាយ អធិការនគរបាលស្រុកឆែបបានឱ្យដឹងថាៈកម្លាំងនៃអធិការដ្ឋាននគរបាល ស្រុកឆែបបានដាក់ប៉ុស្ដិ៍ត្រួតពិនិត្យយ៉ាងតឹងរឹង២៤ម៉ោង លើ២៤ម៉ោង លុះនៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិចិនប្រុសស្រីចំនួន៣នាក់ រួមនឹងខ្មែរម្នាក់ ដែលជាអ្នកបើករថយន្ដ ដឹកជនបរទេសសង្ស័យលួចឆ្លងដែនខុសច្បាប់ ។
ក្រោយពីត្រួតពិនិត្យជាក់ស្ដែង នៅទីទាំងប៉ុស្ដិ៍ត្រួតពិនិត្យក្នុងមូលដ្ឋានស្រុកឆែប កម្លាំងសមត្ថកិច្ចនៅគោលដៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបណ្ដោះអាសន្ន រួមនិងរថយន្តមួយគ្រឿងដែលជាមធ្យោបាយដឹកជញ្ជូនអ្នកដំណើរ ។
ជនសង្ស័យខាងលើ ១.ឈ្មោះ-រ៉ុម ចំរើន អាយុ៣៥ឆ្នាំជនជាតិខ្មែរជាអ្នកបើកបរ ។ ២.ឈ្មោះ shi jia yu ភេទស្រី អាយុ២០ឆ្នាំ ជនជាតិចិន ។ ៣.ឈ្មោះ Tang Jian hang អាយុ២៤ឆ្នាំ ជនជាតិចិន ។ ៣.ឈ្មោះ Li jie shuai អាយុ២៥ឆ្នាំ ជនជាតិចិន ។ ក្នុងនោះសមត្ថកិច្ចដកហូតបណ្តោះអាសន្ន រួមមានៈលុយ៣០ដុល្លារ-លុយខ្មែរចំនួន១៨.០០០រៀល ទូរស័ព្ទ៤គ្រឿង រថយន្តម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BH-7798 ១គ្រឿង ៕