(ប្រទេសថៃ)៖ យោងតាមសារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានផ្សាយថា នយោជិតទាំង ឡាយនៅទីក្រុងបាងកក ត្រូវបានណែនាំ ឱ្យបំពេញការងារពីផ្ទះ ដើម្បីចៀសវាងខ្យល់ អាកាសដែលរងការបំពុល ខណៈដែលស្រទាប់អ័ព្ទ ដែលគ្រោះថ្នាក់ចំពោះ សុខភាពបានគ្របដណ្តប់ រាជធានីរបស់ប្រទេសថៃ នាថ្ងៃព្រហស្បតិ៍នេះ។
អាជ្ញាធរទីក្រុងបាងកក បានស្នើសុំកិច្ចសហការ ពីសំណាក់ក្រុមនិយោជក ដើម្បីជួយបុគ្គលិកធ្វើការ ទាំងឡាយនៅក្នុង ទីក្រុងដែលមាន មនុស្សប្រមាណ១១លាននាក់នេះ ចៀសវាងខ្យល់ពុលដែល ត្រូវបានរំពឹងថា នឹងបន្តគ្របដណ្តប់ លើទីក្រុងរហូតដល់ថ្ងៃសុក្រ។
លោក Chadchart Sittipunt អភិបាលក្រុងបាងកក បាននិយាយថា រូបលោកសូមស្នើសុំ កិច្ចសហការពីក្រុមហ៊ុន និងស្ថាប័នសរុបជាង១៥០ ទាំងវិស័យរដ្ឋនិងឯកជន ដើម្បីឱ្យបុគ្គលិកនៅក្នុង ទីក្រុងអាចធ្វើការងារពីផ្ទះ សម្រាប់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ។ បើតាមលោក Chadchart វានឹងប៉ះពាល់មនុស្សជាង៦០,០០០នាក់។
វេបសាយតាមដាន គុណភាពខ្យល់អន្តរជាតិ IQAir បានបង្ហាញថា រាជធានីរបស់ប្រទេសថៃ ស្ថិតក្នុងចំណោមទីក្រុងទាំង១០ ដែលទទួលរងការ បំពុលខ្យល់ខ្លាំងក្លា ជាងគេបង្អស់ នៅលើពិភពលោក នាព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ទី
ក្រុងបាងកក និងទីក្រុងឈាងម៉ៃ នៅភាគខាងជើង បានជាប់ចំណាត់ថ្នាក់ ក្នុងចំណោមទីក្រុងរង ការបំពុលខ្យល់អាកាសខ្លាំងបំផុត ជាច្រើនលើកកាលពីឆ្នាំមុន។ កាលពីឆ្នាំ២០២៣ មនុស្សយ៉ាងហោច២លាននាក់ នៅប្រទេសថៃ បានស្វែងរកការ ព្យាបាលបញ្ហាសុខភាព ដោយសារតែការបំពុលខ្យល់។
រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីថៃ លោក Srettha Thavisin ដែលបានឡើងកាន់ អំណាចកាលពីខែសីហា ឆ្នាំមុន បានសន្យាថា នឹងប្រឹងប្រែងដោះស្រាយ បញ្ហាបំពុលខ្យល់ ក្នុងលក្ខណៈជា របៀបវារៈជាតិមួយ ហើយសេចក្តីព្រាង ច្បាប់ស្តីពីខ្យល់ស្អាត ត្រូវបានគាំទ្រដោយ គណៈរដ្ឋមន្រ្តីរបស់លោក កាលពីខែមករាកន្លងទៅ។
យ៉ាងណាមិញ បញ្ហានៃការបំពុលនៅតែបន្ត ហើយតុលាការនៅ ទីក្រុងឈាងម៉ៃ កាលពីខែមុន បានបង្គាប់ឱ្យរដ្ឋាភិបាល បង្កើតផែនការបន្ទាន់មួយ ឱ្យបានក្នុងរយៈពេល៩០ថ្ងៃ ដើម្បីដោះស្រាយបញ្ហា បំពុលខ្យល់អាកាស៕