(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យ ជនជាតិថៃម្នាក់ត្រូវបាន កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចប្រាប់អោយដឹងថា កម្លាំងមូលដ្ឋានកង រាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក រវសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំង ចុះឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ រ៉េម បាត់ ភេទប្រុស អាយុ១៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួច (ទូរសព្ទ) ដែលប្រព្រឹត្ត កាលវេលាម៉ោង០៦និង ៤៧នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចបុរីឆាយហាក់ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ករណីនេះធ្វើឡើង តាមពាក្យបណ្ដឹងឈ្មោះ ទួន ឃឹម ភេទប្រុស អាយុ៣៧ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោករវសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា កាលពីវេលាកើតហេតុ ជនសង្ស័យបាន ធ្វើសកម្មភាពលួច យកទូរសព្ទដៃម៉ាក អាយហ្វូន12 ពណ៌ខ្មៅ ចំនួន០១គ្រឿង របស់ជនរងគ្រោះ ដោយជនសង្ស័យ បានមកទិញស្រាបៀរគ្រុឌ ចំនួន០២កំប៉ុង ពីហាងរបស់ជនរងគ្រោះ ខណៈពេលជនរង គ្រោះទៅយកស្រាមកលក់ ស្រាប់តែជនសង្ស័យ បានលួចយកទូរសព្ទទៅបាត់។
ក្រោយពីទទួលបាន ពាក្យបណ្តឹងរបស់ ជនរងគ្រោះ ភ្លាមៗកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់ កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យ រួមទាំងដកហូតវត្ថុតាងទូរសព្ទ ហើយនាំមកមូលដ្ឋានកង រាជអាវុធហត្ថក្រុង ដើម្បីសួរនាំ។
ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួច ទូរស័ព្ទរបស់ជនរង គ្រោះពិតប្រាកដមែន។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង ជាក់ស្តែង កម្លាំងមូលដ្ឋានកង រាជអាវុធហត្ថក្រុង បានកសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត និងមានការសម្រប សម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
ជនសង្ស័យត្រូវបាន កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតាង ទូរសព្ទ ត្រូវបានម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ប្រគល់ជូនម្ចាស់ វិញផងដែរ៕