រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា មន្ត្រីនគរបាលរូបណាដែលផុងខ្លួនប្រើប្រាសគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ! 

ខេត្តស្ទឹងត្រែង៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានប្រកាសថា មន្ត្រីនគរបាលណាដែលផុងខ្លួនប្រើប្រាស់គ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ ដោយគ្មានការយោគយល់នោះឡើយ។

ការថ្លែងបែបនេះ គឺនៅក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធផ្លូវបេតុង សមិទ្ធផលថ្មីៗ មានតម្លៃច្រើនម៉ឺនដុល្លារ និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៣កុម្ភៈឆ្នាំ២០២៤ ។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានថ្លែងទៀតថា រាជរដ្ឋាភិបាល នីតិកាលទី៧នេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងទស្សនវិស័យជឿនលឿនរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសារធាតុញៀននៅទូទាំងប្រទេស ហើយមន្ត្រីនគរបាលទាំងអស់ ត្រូវផ្តល់ជាគំរូមុនគេ ប្រសិនបើមន្ត្រីនគរបាលណាម្នាក់ ផុងខ្លួនប្រើប្រាស់គ្រឿងញៀនគ្មានការយោគយល់ឡើយ។ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា ក្នុងឋានៈឯកឧត្តមជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិតជាមិនចង់លើកដៃចុះហត្ថលេខាបញ្ចប់ក្របខណ្ឌមន្ត្រីណាម្នាក់នោះឡើយ ព្រោះត្បិតឯកឧត្តម ដឹងច្បាស់ថា ម្នាក់ៗលំបាកណាស់តស៊ូទម្រាំបានជីវិតការងារបានប៉ុណ្ណេះ ប៉ុន្តែ ច្បាប់គ្មានការយោគយល់ឡើយ ហើយអ្វីដែលធ្វើនេះ គឺដើម្បីជាតិយើងទាំងមូល។

សូមបញ្ជាក់ថា សមិទ្ធផលដែលត្រូវបានដាក់សម្ភោធនាពេលនោះ រួមមាន៖ ផ្លូវបេតុងប្រវែង ១២៩៥ម៉ែត្រ ប្រព័ន្ធលូរំដោះទឹកប្រវែង ១៧៣៤ម៉ែត្រ ទីធ្លាសម្រាប់ហ្វឹកហាត់ និងគោរពទង់ជាតិទំហំ ១៦៦៩ម៉ែត្រការ៉េ និងចំណតរថយន្តទំហំ ៩៧៤ម៉ែត្រការ៉េផងដែរ ។ ដោយឡែកសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង ជំនាន់ទី១៧ លើកទី២ ក្នុងពិធីបិទវគ្គនេះ មានចំនួន ១៧៧នាក់ មកពីស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តមណ្ឌលគីរី និងខេត្តត្បូងឃ្មុំ។

ក្រោយបញ្ចប់ពិធី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះពិនិត្យភូមិសាស្ត្រច្រកទ្វាព្រំដែនត្រពាំងក្រៀល ស្ថិតក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ នៃខេត្តស្ទឹងត្រែង នោះផងដែរ។ SN

You might like

Leave a Reply

Your email address will not be published. Required fields are marked *