(ភ្នំពេញ)៖ បន្ទាប់ពីបានឃើញ ការផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញសង្គម Tiktok និងព័ត៌មានតាម បណ្តាញសង្គម មានករណីជនបរទេស ម្នាក់ត្រូវបានចោរឆក់កាបូប លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាល ខណ្ឌដូនពេញ សហការជាមួយកម្លាំង ជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចុះស្រាវជ្រាវស៊ើបអង្កេត ឃើញថាករណីនេះ មិនមែនជាករណី ឆក់នោះទេ គឺករណីជនបរទេស ដែលជាជនរងគ្រោះ បានដេកលក់លើបង់នៅ សួនច្បារមាត់ទន្លេ ត្រង់ចំណុចផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ ត្រូវបានជនសង្ស័យឈ្មោះ ខុំ ចាន់ ហៅអាខឿន ភេទប្រុស យកឡាមកាត់ខ្សៃកាបូប និងលួចទូរសព្ទដៃ។ នេះជាការបញ្ជាក់ពីខាង អង្គភាពស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។
សមត្ថកិច្ចបានបញ្ជាក់ថា៖ ជនសង្ស័យឈ្មោះ ខុំ ចាន់ ហៅអាខឿន ភេទប្រុស ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ នៅចំណុចផ្លូវលេខ៥ កែងផ្លូវ១៥៤ សង្កាត់ផ្សារកណ្តាល១។ វត្ថុតាងដកហូតរួមមាន៖ បាស្ព័រ ចំនួន០១, កាតATM ចំនួន០២។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។ ជាមួយគ្នានេះដែរ សូមជនរងគ្រោះដែលជាជន បរទេសមកទទួលសម្ភារៈ ដែលបានបាត់នៅ អធិការដ្ឋាននគរបាល ខណ្ឌដូនពេញ៕