៣ថ្ងៃចូលឆ្នាំចិនចុងសប្ដាហ៍នេះ គ្រោះថ្នាក់ចរាចរណ៍ផ្ដាច់ជីវិតមនុស្ស២៣នាក់ របួស៤១នាក់!

(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ បានផ្ដាច់ជីវិតមនុស្ស យ៉ាងហោចណាស់២៣នាក់ ត្រឹមតែរយៈពេល៣ថ្ងៃ ចូលឆ្នាំចិនចុងសប្ដាហ៍នេះ ដោយគិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។ តាមអ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) ឱ្យទៀតដឹងថា ជនរងគ្រោះ ទាំង២៣នាក់នោះ បានស្លាប់ក្នុង គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងសរុប ចំនួន៣៥ករណី នៅទូទាំងប្រទេស។

អ្នកនាំពាក្យរងរូបនេះ ថ្លែងថា ក្រៅពីបណ្ដាលឱ្យស្លាប់ គ្រោះថ្នាក់ចរាចរណ៍ រយៈពេល៣ថ្ងៃនេះ ក៏បានបណ្ដាល ឱ្យមានរបួស ចំនួន៤១នាក់ផងដែរ ទាំងរបួសធ្ងន់និងស្រាល ដែលមកដល់ពេលនេះ មានខ្លះកំពុងទទួលការ សង្គ្រោះនៅមន្ទីរពេទ្យរដ្ឋ និងឯកជននៅឡើយ ខ្លះកំពុងសម្រាក ព្យាបាលតាមផ្ទះ។

ជាការកត់សម្គាល់ លោក ទូច សុឃៈ (សុខៈ) បញ្ជាក់ថា ថ្ងៃទី១១ ជាថ្ងៃទី១ កើតគ្រោះថ្នាក់ច្រើន ជាងគេ មានចំនួន១៤ករណី បណ្ដាលឱ្យស្លាប់ចំនួន៩នាក់ និងរបួស២៤នាក់។ បន្ទាប់មក នៅថ្ងៃទី១០ ជាថ្ងៃកណ្ដាល មានអ្នកស្លាប់ចំនួន៨នាក់ និងរបួស៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍សរុប១០ករណី។ ចំណែកថ្ងៃទី៩ ជាថ្ងៃដំបូង មានគ្រោះថ្នាក់ ចរាចរណ៍ចំនួន១១ករណី ស្លាប់៦នាក់ និងរបួស១១នាក់។

អ្នកនាំពាក្យរងបន្តទៀតថា បញ្ហាចរាចរណ៍នៅតែជាកង្វល់ ដែលត្រូវពង្រឹងច្បាប់ មិនអាចដើរថយក្រោយ។ លោកថា បញ្ហានេះជារបៀប វារៈអាទិភាពមួយក្នុង ចំណោមទិសដៅ អាទិភាពទាំង៦ (បញ្ហាគ្រឿងញៀន បញ្ហាចរាចរណ៍ បញ្ហាបទល្មើស ព្រហ្មទណ្ឌនានា ករណីក្មេងទំនើង ការជួញដូរមនុស្ស និងបញ្ហានានាតាម បន្ទាត់ព្រំដែន ទាំងគោកនិងទឹក) របស់ក្រសួងមហាផ្ទៃ។

ប្រតិបត្តិតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យ អគ្គស្នងការដ្ឋាន នគរបាលជាតិបង្កើន ការរឹតបន្តឹងច្បាប់ស្ដី ពីចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស ជាពិសេសការត្រួតពិនិត្យ ជាតិអាល់កុលនៅពេលយប់។

លោក ទូច សុឃៈ (សុខៈ) បានលើកឡើងអំពី ប្រសាសន៍របស់ប្រមុខ ក្រសួងមហាផ្ទៃកម្ពុជា ពោលគឺ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី តែងបានណែនាំ អគ្គស្នងការដ្ឋាន នគរបាលជាតិ រដ្ឋបាលរាជធានី ខេត្ត ជាពិសេសកម្លាំង នគរបាលចរាចរណ៍ គ្រប់គោលដៅ មានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តច្បាប់ ប្រកបដោយក្រមសីលធម៌ និងវិន័យកងកម្លាំង ក្នុងនោះសម្រាប់មូលដ្ឋាន មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងច្រើន កាលពីឆ្នាំ២០២៣ ដូចជារាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កំពង់ចាម កំពង់ឆ្នាំង តាកែវ ព្រះសីហនុ កោះកុង ឧត្តរមានជ័យ ព្រះវិហារ ត្បូងឃ្មុំ និងខេត្តប៉ៃលិន ត្រូវខិតខំប្រឹងប្រែងកាត់ បន្ថយគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០២៤ នេះ ឱ្យមានប្រសិទ្ធភាព។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានជំរុញឱ្យអនុគណៈ កម្មការសុវត្ថិភាព ចរាចរណ៍រាជធានី ខេត្ត បន្តយកចិត្តទុកលើការបើកបរ លើសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពល នៃគ្រឿងញៀនឬគ្រឿងស្រវឹង ការបិទកញ្ចក់ពណ៌ លើកញ្ចក់រថយន្តធំ ការរត់គេចខ្លួន ក្រោយពេលបង្កគ្រោះថ្នាក់ និងបណ្តាករណី ល្មើសបង្កគ្រោះថ្នាក់ផ្សេងៗទៀត ដើម្បីចាត់វិធានការតាមច្បាប់ ឱ្យបានម៉ឺងម៉ាត់ដោយ គ្មានការលើកលែង ជាពិសេស ត្រូវឃាត់ខ្លួនជនបង្ក ភ្លាមៗនៅនឹងកន្លែង។

នៅឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងទូទាំង ប្រទេសសរុប ៣,៣១៧លើក (យប់៥៥%) បណ្តាលឱ្យ មានអ្នកស្លាប់១,៥៩០នាក់ និងរបួស៤,៥១៥នាក់ (ធ្ងន់២,៧៦៦នាក់)។ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថាមូល ហេតុចម្បងនៃគ្រោះថ្នាក់ទាំងនោះ មានដូចជា បើកបរល្មើសល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំប្រជែងគ្រោះថ្នាក់ កត្តាយាន និងស្រវឹងជាដើម។ ក្នុងចំណោមអ្នកស្លាប់សរុប មានអ្នកជិះម៉ូតូ ៨០% ក្នុងនោះជិះម៉ូតូមានអ្នកមិន ពាក់មួកសុវត្ថិភាព ចំនួន៦៩%៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *