(ខេត្តកែប)៖ តាមរបាយការណ៍ របស់រដ្ឋបាលខេត្តកែប នៅល្ងាចថ្ងៃអាទិត្យ ទី១១ខែកុម្ភ: ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា គិតចាប់ពី ថ្ងៃសែនចូលឆ្នាំចិន ថ្ងៃទី៩ រហូតដល់រសៀលថ្ងៃ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ មានភ្ញៀវជាតិ-អន្តរជាតិ មកទស្សនា សម្រាក លម្ហែ កម្សាន្ត នៅខេត្តកែប ចំនួន ៧៣,១៤៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៧២,៤៩៤នាក់ ភ្ញៀវអន្តរជាតិមាន ចំនួន៦៥១នាក់ និងមានរថយន្ត ធុនតូចនិងមធ្យម ចូលមកទស្សនា នៅខេត្តកែបរាប់ពាន់គ្រឿង ផងដែរ។
ចំនួនភ្ញៀវដ៏ច្រើននេះ បើប្រៀបធៀបជា មួយនឹងការសរុប នៃទីតាំងកម្សាន្តជា ច្រើនក្នុងតំបន់ ដែលរដ្ឋបាល ខេត្តមានបច្ចុប្បន្ន វាពិតជាច្រើនគួរសម។
ជាមួយគ្នានេះដែរ ឆ្នេរអង្កោលដែលមាន ចម្ងាយពីររមណីដ្ឋាន ឆ្នេរកែបជាងដប់គីឡូម៉ែត្រ នោះក៏មានភាពទាក់ទាញ បន្ទាប់ពីផ្លូវប្របមាត់ សមុទ្រមួយនេះបានស្ថាបនា រួចរាល់មានភាពធំ ទូលាយផងនោះ។
លើសពីនេះ រដ្ឋបាលខេត្តកែបក៏ បានបញ្ជាក់ផងដែរថា ដោយបច្ចុប្បន្នខេត្តកែប ជាខេត្តទេសចរណ៍ដ៏ប្រណិត និងមានការអភិវឌ្ឍន៍ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ យ៉ាងច្រើនស្អេកស្កះ ដូចជា ការស្ថាបនាផ្លូវថ្នល់ធំ ទូលាយជាច្រើនខ្សែនៅ តាមគ្រប់តំបន់នានា នៃភូមិសាស្ត្រខេត្ត ជាពិសេសខេត្តកែបនៅតែបន្ត អនុវត្តវិធានសុវត្ថិភាព ទេសចរណ៍ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ សម្រាប់ធានាសុវត្ថិភាព ដល់ភ្ញៀវទេសចរដែល មកសំរាកកម្សាន្តទៀតផង៕ ដោយលោក សេង ណារិទ្ធ