គណ:កម្មការរៀបចំការបោះឆ្នោតខេត្តកែប រៀបចំកិច្ចប្រជុំស្តីពី កិច្ចសហការ ការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ

(ខេត្តកែប)៖ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ គណ: កម្មការរៀបចំ ការបោះឆ្នោតខេត្តកែប បានរៀបចំកិច្ចប្រជុំ ស្តីពីកិច្ចសហការ លើការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ និងសមាហរណកម្ម កម្មវិធីឃោសនាបោះឆ្នោត សម្រាប់ដំណើរការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹ ទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ។

កិច្ចប្រជុំប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក ងិន ងិនដា អភិបាលស្តីទី នៃគណៈ អភិបាលខេត្តកែប និងជាអនុប្រធាន លេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខ អចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត និងលោក គី វុទ្ធី ប្រធានគណ:កម្មការរៀបចំ ការបោះឆ្នោតខេត្ត និងមានការអញ្ជើញចូលរួមពី គណៈកម្មការរៀប ចំការបោះឆ្នោតខេត្ត កងកំលាំងទាំងបី នាយកទីចាត់ការអន្តរ វិស័យសាលាខេត្ត តំណាងគណៈ បក្សនយោបាយ អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ តំណាងអង្គការសមាគម រួមទាំមន្ត្រីពាក់ព័ន្ធ សរុប៣៧រូប។

លោក គី វុទ្ធី ប្រធានគណ: កម្មការរៀបចំការ បោះឆ្នោតខេត្តកែប បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំនោះថា  ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ត្រូវបានកំណត់យកថ្ងៃទី ២៥ ខែកុម្ភៈ  ឆ្នាំ២០២៤ ដោយយកភូមិភាគ ជាមណ្ឌលបោះឆ្នោត។

លោកប្រធានបញ្ជាក់ថា សម្រាប់ភូមិភាគ៥ ដែលរួមមានខេត្តតាកែវ កំពត និងកែប មានគណៈបក្ស នយោបាយចំនួន៤ ដែលបានចុះបញ្ជីគណបក្ស និងបេក្ខជនឈរ ឈ្មោះបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកំលាំងជាតិ និងគណបក្សហ្វុនស៊ីនប៉ិច មានអាសនៈ សរុប៧អាសនៈ សម្រាប់ខេត្តកែប មានអង្គបោះឆ្នោតសរុប ៣២រូប ស្រី៧រូប ក្នុងនោះ តំណាងរាស្ត្រក្នុងតំណែង ១រូប និងក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែង៣១រូប និងមានការិយាល័យ បោះឆ្នោតចំនួន១ការិយាល័យ គឺការិយាល័យលេខ ៥០០៤ ដែលមានទីតាំងនៅ សាលាបឋមសិក្សា ហ៊ុន សែនកែប។

ក្នុងនោះដែរ  លោកប្រធានគណ:កម្មការ ក៏បានស្នើដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ផ្តល់កិច្ចសហការ និងគាំទ្រដល់ឃុំ សង្កាត់ ក្នុងដំណើការចែក ប័ណ្ណព័ត៌មានបោះឆ្នោត អោយទទួលបាន លទ្ធផលល្អប្រសើរ ស្របតាមការណែនាំ។

ថ្លែងបិទកិច្ចប្រជុំនាឱកាសនោះ លោក ងិន ងិនដា អភិបាលស្តីទី បានមានប្រសាសន៍ថា កម្ពុជាគឺជាប្រទេស ដែលប្រកាន់យករបបប្រជាធិបតេយ្យសេរី ពហុបក្ស ដូច្នេះត្រូវមានការបោះឆ្នោតគ្រប់អាណត្តិ ទាំងការបោះឆ្នោតសាកល និងអសកល លោក អភិបាលស្តីទីបន្តថា គ្រប់ដំណាក់កាលនៃការបោះឆ្នោត អាជ្ញាធរគ្រប់ថ្នាក់ អង្គភាពកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់គណបក្ស នយោបាយ អង្គការសមាគម និងប្រជាពលរដ្ឋទាំងអស់ តែងតែផ្តល់នូវកិច្ចសហការ និងចូលរួមប្រកបដោយទំនួលខុសត្រូវ ធ្វើអោយដំណើរការបោះឆ្នោតនៅក្នុងកែប ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អ ប្រសើរ សេរី យុត្តិធម៌ និងគ្មានអំពើហឹង្សា ដែលនេះបង្ហាញអោយឃើញពីភាពចាស់ទំ ក្នុងការចូលរួមគោរពច្បាប់ បទបញ្ជា នីតិវិធី និងសេចក្តីណែនាំនានា របស់មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តកែបរបស់យើង។

ក្នុងនោះដែរ លោក អភិបាលស្តីទី ណែនាំដល់គណៈ បញ្ជាការគ្រប់លំដាប់ថ្នាក់ ព្យាយាមក្តាប់អោយជាប់ នូវផែនការសន្តិសុខ ដើម្បីប្រចាំការពារគ្រប់ គណបក្សនយោបាយ និងតាមដាន២៤ម៉ោង លើ២៤ម៉ោង សំដៅធានាអោយបាន នូវដំណើរការបោះឆ្នោត នាថ្ងៃទី២៥ ខែកុម្ភៈខាងមុខ ប្រព្រឹត្តទៅបាន លទ្ធផលល្អប្រសើរ។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះ តំណាងគណបក្សនយោបាយ  អង្គការសមាគម និងកងកម្លាំងទាំងបី បានចុះហត្ថលេខា លើកម្មវិធីសមាហរណកម្ម កម្មវិធីឃោសនាបោះឆ្នោត សម្រាប់ដំណើរការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅខេត្តកែបផងដែរ៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *