រដ្ឋបាលខេត្តកែប បានជម្រាបជូនគណៈ ប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈម ដែលបានជួបប្រទះ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា

(ខេត្តកែប)៖ កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ គណៈប្រតិភូគណៈ កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨ ) ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ និងមានការចូលរួមដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ សមាជិករដ្ឋសភានិង ជាអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកែប បានអញ្ជើញជួបប្រជុំ ពិភាក្សាការងារជាមួយ ឯកឧត្តម សំ សារឹន ប្រធានក្រុមប្រឹក្សាខេត្តកែប និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈ អភិបាលខេត្តកែប ព្រមទាំងប្រធានមន្ទីរទាំង បួនវិស័យរបស់គណៈកម្មការ ទទួលបន្ទុក ដើម្បីស្វែងយល់អំពី ប្រសិទ្ធភាពការងារ និងបញ្ហាប្រឈម ក្នុងនីតិកាលទី៧ នៃរដ្ឋសភា នៅសាលាខេត្តកែប ។

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានមានប្រសាសន៍ថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់ កាលទី១ដោយផ្តោត សំខាន់លើកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចិរភាព ដើម្បីកសាង មូលដ្ឋានគ្រឹះឆ្ពោះទៅ សម្រេចចក្ខុវិស័យកម្ពុជា នាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

លោកជំទាវ ឡោក ខេង បានបន្តទៀតថា គោលនយោបាយ បញ្ចកោណដំណាក់កាលទី១ មានការអភិវឌ្ឍមូលធនមនុស្ស មុំទី៤ ការពង្រឹង ប្រព័ន្ធគាំពារសង្គមគឺបង្ហាញពីការកសាង និងការអភិឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈ ប្រមូលផ្តុំ ទាំងក្នុងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម និងមានលិខិតបទដ្ឋាន ជាច្រើនទៀត ដែលសុទ្ធសឹងគាំទ្រ ដល់ការអភិឌ្ឍប្រព័ន្ធគាំពារសង្គម ជាពិសេសប្រព័ន្ធ សន្តិសុខសង្គម ដែលបានចូលរួម ចំណែកលើកកម្ពស់ កម្រិតជីវភាពរបស់ ប្រជាពលរដ្ឋកម្ពុជា និងចូលរួមកាត់ បន្ថយភាពក្រីក្រ ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈ អភិបាលខេត្តកែប បានមានប្រសាសន៍ថា ខេត្តបានចុះត្រួតពិនិត្យ ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រួច តុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល អាណត្តិទី៦ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយបានចុះតាមខ្នងផ្ទះ ដើម្បីសិក្សាឈ្វេងយល់ ភ្ជាប់បញ្ហាប្រឈម សំណើ សំណូមពរ និងបានដោះ ស្រាយសេវាតម្រូវការ សេវាសំណូមពរ និងសេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ។

ឯកឧត្តមបានបន្តទៀតថា ខេត្តបានធ្វើការពង្រឹង សមត្ថភាពមន្រ្តីគ្រប់ផ្នែក ទាំងអស់ពិសេសវិស័យ ទាំង៤ពាក់ពន្ធ័ ជាមួយគណៈកម្មការទទួលបន្ទុក ព្រមទាំងបានលើក ឡើងពីចំណុចខ្លាំង និងចំណុចខ្សោយ​របស់មន្ទីរទាំង៤ ។

រដ្ឋបាលខេត្តបានធ្វើ គោលនយោបាយជាច្រើន ក្នុងការផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋឲ្យបាន យល់ដឹងឲ្យបានច្បាស់ និងសហការជាមួយ អាជ្ញាធរខេត្តពីសារៈសំខាន់ ការប្រើប្រាស់ប័ណ្ណ ប.ស.ស ការចូលរួមក្នុង សមាគមន៍មនុស្សចាស់ និងធ្វើការពង្រឹងសមត្ថភាពចំណេះ ដឹងលើជំនាញបន្ថែមទៀត ពិសេសវិស័យសុខាភិបាល ដែលតម្រូវឲ្យមន្ត្រីពេទ្យ ទាំងអស់មានសមត្ថភាព ខ្ពស់ក្នុងការព្យាបាល និងចេះប្រើប្រាស់គ្រឿង បរិក្ខាពេទ្យឲ្យបានច្បាស់លាស់ ងាយស្រួលជួយសង្គ្រោះ ប្រជាពលរដ្ឋនៅក្នុងខេត្ត និងភ្ញៀវជាតិ អន្តរជាតិមកកំសាន្តនៅទីនេះ ។

ទន្ទឹមការរីកចម្រើនខេត្តកែប បានជួបបញ្ហាលំបាកនិង បញ្ហាប្រឈមជាច្រើន ដោយសារខេត្តនេះ ជាតំបន់ទេសចរណ៍ បានស្រូបចំនួន ប្រជាពលរដ្ឋមករកស៊ី និងមកកំសាន្តនៅ ក្នុងខេត្តជាច្រើន ដែលបង្កភាពរាំង ស្ទះចរាចណ៍ និងធ្វើឲ្យការបម្រើសេវា មានការខ្វះខាតដោយសារ ខ្វះមន្ត្រីមានជំនាញ ខ្វះឧបករណ៍បច្ចេកទេស និងស្នើរសុំឲ្យខាង គណៈកម្មការទី៨នៃរដ្ឋសភា ជួយសម្រួលនិងពន្ធលឿន នូវកិច្ចការនេះជូន​ឯកឧត្តមរដ្ឋមន្ត្រីដោះស្រាយ ។

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការបានមាន​ ប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរដល់ ថ្នាក់ដឹកនាំខេត្ត គ្រប់លំដាប់ថ្នាក់ ដែលខិតខំបម្រើសេវា ជូនប្រជាពលរដ្ឋ និងសុំឲ្យជួយផ្សព្វផ្សាយ ពីជំងឺមិនឆ្លងនៅ តាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងទីប្រជុំជនសាធារណ ឲ្យបានយល់ដឹងច្បាស់ និងចៀសផុតពីភាពក្រីក្រ ។

បន្ទាប់មកគណៈកម្មការទី៨ នៃរដ្ឋសភាបានចុះសួរសុខទុក្ខ ក្មេងកំព្រានៅក្នុងបុរីកុមារកំព្រា ខេត្តកែប និងចមើលមន្ទីរពេទ្យបង្អែក ខេត្តផ្តល់សេវាជូន ប្រជាពលរដ្ឋផងដែរ ៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *