តោះស្វែងយល់ដឹង អំពីដែនជម្រកសត្វព្រៃកែវសីមា មានអ្វីដែលអ្នកគួរទៅភ្លក់រសជាតិ យកបទពិសោធន៍ជីវិត

(ខេត្តមណ្ឌលគិរី)៖ ដែនជម្រកសត្វព្រៃកែវសីមា គ្របដណ្តប់ដោយ ព្រៃចម្រុះប្រភេទ រួមមាន ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះ និងវាលស្មៅ ព្រមទាំងមានជា សណ្តានដីច្រើនប្រភេទ តាំងពីខ្ពង់រាប ភ្នំ ទំនាប ស្ទឹង អូរ បឹង រហូតដល់ត្រពាំង ហើយមានវត្តមាន ព្រៃឈើនិងរុក្ខជាតិ ២៦៧ប្រភេទ ក្នុងនោះមានប្រភេទឈើប្រណិត និងឈើដែល មានតំលៃសេដ្ឋកិច្ច រួមជាមួយនិងអនុផលព្រៃឈើ និងជាជម្រកដ៏សំខាន់ សម្រាប់សត្វព្រៃជាច្រើនប្រភេទ ដែលមានសត្វស្លាប ៣៥៦ប្រភេទ ថនិកសត្វ ៩៤ប្រភេទ ល្មូន ៥៤ប្រភេទ ត្រី ៦៨ប្រភេទ រួមទាំង ដំរី ខ្ទីង ទន្សោង ខ្លារខិន ស្វាកន្ទុយស ទោចថ្ពាល់លឿង ខ្លាឃ្មុំធំ ស្វាអង្កត់ ខ្លាពពក ភេ កង្កែបស្នែងអូរាំង ត្រយងយក្ស ក្រៀល ក្ងោក ជាដើម។

រុក្ខជាតិ និងសត្វព្រៃ បំពេញមុខងារឱ្យគ្នាទៅវិញទៅមក បង្កើតនូវប្រព័ន្ធអេកូឡូ ស៊ីធម្មជាតិ ដែលសម្របនឹងស្ថានភាពភូមិសាស្រ្ត និងមានប្រភព ទឹកពេញមួយឆ្នាំ។ នេះជាការបញ្ជាក់ ពីលោកបណ្ឌិត សាម អ៉ីន ជាមួយឯកសារយោង ពីក្រសួងបរិស្ថាន ។

តំបន់នេះត្រូវបាន កំណត់ជាតំបន់ ការពារធម្មជាតិ នៅក្នុងឆ្នាំ២០១៦ ដែលមានផ្ទៃដីចំនួន ២៩២ ៦៩០ ហ.ត ក្នុងភូមិសា ស្រ្តខេត្តមណ្ឌលគីរី និងខេត្តក្រចេះ និងជាតំបន់ការពារធម្មជាតិ ដែលរាជរដ្ឋាភិបាល បានរៀបចំគម្រោង រេដបូកទីមួយ ហើយបានលក់ឥណទាន កាបូនដំបូងគេបង្អស់ ក្នុងទីផ្សារកាបូនស្ម័គ្រ ចិត្តអន្តរជាតិនៅឆ្នាំ២០១៦។

ជាតំបន់ការពារធម្មជាតិ ដែលមាននិរន្តរភាពថវិកា សម្រាប់ការការពារធនធានធម្មជាតិ ការទ្រទ្រង់សេដ្ឋកិច្ចមូលដ្ឋាន ការលើកកម្ពស់តម្លៃសង្គមវប្បធម៌ និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ។

សម្រាប់អ្នកចូលចិត្ត ទេសភាពធម្មជាតិដ៏ស្រស់ស្អាត ស្រឡាញ់ចង់ស្គាល់សត្វព្រៃ និងប្រពៃណីវប្បធម៌ជន ជាតិដើមភាគតិច ដែនជម្រកសត្វព្រៃកែវសីមា ជាកន្លែងដែលអ្នកគួរ ទៅភ្លក់រសជាតិ យកបទពិសោធន៍ជីវិត។

You might like

Leave a Reply

Your email address will not be published. Required fields are marked *