ខ្លោងទ្វារខាងលិច នៃប្រាសាទបន្ទាយក្តី បានបញ្ចប់ការ ជួសជុលជាស្ថាពរហើយ……

(ខេត្តសៀមរាប) ៖ កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បានបញ្ជាក់ឱ្យដឹងថា តាមរយៈក្រុមអ្នកជំនាញ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរ នូវការងារជួសជុល ខ្លោងទ្វារខាងលិច ប្រាសាទបន្ទាយក្តី ដោយបានរៀប ផ្គុំថ្មទៅតាមលំនាំ រូបរាងដើមនៃ ខ្លោងទ្វារឡើងវិញ ដើម្បីលើកតម្លៃ សំណង់បុរាណ។

លោកស្រី នេត ស៊ីមន បុរាណវិទូ និងជាអ្នកមើល ការខុសត្រូវនៅការដ្ឋាន ជួសជុលខ្លោងទ្វារ ខាងលិចប្រាសាទបន្ទាយក្តី បានឱ្យដឹងថា ការងារជួសជុលនៅ ខ្លោងទ្វារខាងលិច ប្រាសាទបន្ទាយក្តីនេះ ត្រូវបានអនុវត្តចំនួន ពីរដំណាក់កាល។

ដំណាក់កាលទីមួយ នៅក្នុងឆ្នាំ២០២០ ដោយចាប់ផ្តើមប្រមូលឯកសារ សិក្សាអំពីរូបរាង សម្រង់ប្លង់ សិក្សាអំពីហានិភ័យរបស់ខ្លោងទ្វារ និងចុះបញ្ជីថ្មនៅរាយ ប៉ាយជុំវិញខ្លោងទ្វារ។ ដំណាក់កាលទីពីរ ចាប់ផ្តើមពីឆ្នាំ២០២២មក អនុវត្តគម្រោង ជួសជុលពង្រឹងតែម្តង មានការងាររុះរើថ្មទាំងអស់ ចាប់ពីគ្រឹះរហូតដល់ កំពូលខាងលើ ទើបរៀបចំពង្រឹង គ្រឹះផ្គុំទៅតាមលំនាំដើមវិញ និងបានបញ្ចប់ការ ជួសជុលជាស្ថាពរ នាចុងឆ្នាំ២០២៣។ លោកស្រីថា បញ្ហាប្រឈមជាច្រើន នៅក្នុងពេលរៀបផ្គុំថ្មឡើងវិញ ដោយសារថ្មបុរាណ តែងមានល្បាក់។

ក្រោយបញ្ចប់ការងារ ជួសជុលជាស្ថាពរ អ្នកជំនាញរំពឹងថា ខ្លោងទ្វារខាងលិច ប្រាសាទបន្ទាយក្តី និងរឹងមាំឡើងវិញ ធានាសុវត្ថិភាព សម្រាប់ទេសចរឆ្លងកាត់ និងចូលមកផ្តិត យករូបភាពដ៏ស្រស់ស្អាត នៅទីនេះ។ ជាពិសេសបាន លើកតម្លៃសំណង់បុរាណ រក្សាស្នាដៃទុកជា មរតកសម្រាប់មនុស្ស ជំនាន់ក្រោយ។

សូមរំឮកថា ដោយសារកត្តា អាយុកាលនៃសំណង់ ធម្មជាតិ និងមនុស្ស បានធ្វើឱ្យខ្លោងទ្វារ ខាងលិចរបស់ប្រាសាទបន្ទាយក្តី មុនការងាររុះរើ ជួសជុលឡើងវិញ មានស្ថានភាពទ្រុឌទ្រោមខ្លំាង តួប៉មខាងលើនៃប្រាង្គកណ្តាល បានរលុះអស់ នៅសល់តែមុខ ព្រហ្មចំនួនពីរប៉ុណ្ណោះ។

ចំណែកស្លាបសងខាង នៃថ្មដំបូលបាន រលុះធ្លាក់អស់មួយចំនួន ហើយថ្មជញ្ជាំង បានក្រៀកហែក ស្ទើរតែរលុះធ្លាក់​មួយភាគធំទៅហើយ។ បន្ទាប់ពីការយកចិត្ត ទុកដាក់របស់អ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា ធ្វើឱ្យខ្លោងទ្វារដែល​មានសភាពទ្រុឌទ្រោមមួយនេះ ប្រែមកជារឹងមាំ ស្រស់ស្អាត អាចឱ្យភ្ញៀវទេសចរ ធ្វើដំណើរឆ្លងកាត់ចូល ទស្សនាប្រាសាទបន្ទាយក្តី តាមច្រកខាងលិចឡើងវិញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *