សមត្ថកិច្ចកោះ ហៅបុគ្គលឈ្មោះ អេន ចរិយា ហៅអ្នកគ្រូលី ធ្វើឲ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ ព្រះកិត្តិនាម ព្រះនាងឥន្រ្ទទេវី វីរៈក្សត្រីនាសម័យអង្គរ ដោយសម្តែងថា មានបារមីចូលសណ្ឋិត មកធ្វើការបំភ្លឺ….

(ភ្នំពេញ)៖ កាលពីសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ អង្គភាព នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការ នគរបាលជាតិ បានអោយដឹងថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ដោយមានការស្នើ សុំកិច្ចអន្តរាគមន៍ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកកាន់អគ្គស្នង ការនគរបាលជាតិ។

នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានកោះហៅ បុគ្គលឈ្មោះ អេន ចរិយា ហៅអ្នកគ្រូលី ជាម្ចាស់គណនី ហ្វេសបុកឈ្មោះ “EN Chariya” និង “កំពូលម៉ូតូ” ពាក់ព័ន្ធនឹងការ ផ្សព្វផ្សាយ រូបភាពកាយវិការ និងខ្លឹមសារមិនត្រឹមត្រូវ ធ្វើឲ្យប៉ះពាល់ ដល់ទំនៀមទំលាប់ វប្បធម៌ជាតិ ជាពិសេស ធ្វើឲ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់ព្រះកិត្តិនាម ព្រះនាងឥន្រ្ទទេវី វីរៈក្សត្រីនាសម័យអង្គរ ដោយសម្តែងថាមានបារមីចូលសណ្ឋិត មកធ្វើការបំភ្លឺ នៅនាយកដ្ឋាន ប្រឆាំងបទល្មើស បច្ចេកវិទ្យា ដោយមានការ ចូលរួមពីភាគី តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្រោយពីបានសាកសួរ ឈ្មោះ អេន ចរិយា បានទទួលស្គាល់នូវកំហុស ដូចខាងក្រោម៖ ១. បានប្រើប្រាស់ព្រះកិត្តិនាម ព្រះនាងឥន្រ្ទទេវី ព្រះវីរៈក្សត្រីនាសម័យអង្គរ ថាបានចូលសណ្ឋិតក្នុងខ្លួន ដោយគ្មានមូលដ្ឋាន នៅលើបណ្តាញផ្សព្វផ្សាយសង្គម។ ២. បានប្រើប្រាស់សំលៀក បំពាក់របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) មកសម្តែងរាំ និងបកស្រាយថា ក្បាច់របាំមាន ១០៨ក្បាច់ ដែលខុសពីការពិត បង្កឲ្យមានការភ័ន ច្រឡំពីសំណាក់ សាធារណជន និងប៉ះពាល់ដល់របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) ដែលបានចុះបញ្ជីជា សម្បត្តិបេតិកភណ្ឌ អរូបីរបស់មនុស្សជាតិនៃ អង្គការយូណេស្កូ។

ក្រោយពីទទួលបាន ការអប់រំណែនាំ និងធ្វើកិច្ចសន្យា បុគ្គលឈ្មោះ អេន ចរិយា បានធានាចំពោះ មុខសមត្ថកិច្ច និងតំណាង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន យល់ព្រមធ្វើកិច្ចសន្យា ជាលាយលក្ខអក្សរ និងធ្វើវីដេអូសុំទោសជាសាធារណៈដល់ប្រជាពលរដ្ឋខ្មែរ និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកំហុសដែល ខ្លួនបានប្រព្រឹត្តកន្លងមក។

សមត្ថកិច្ច នឹងបន្តតាមដាន សកម្មភាព របស់បុគ្គល ខាងលើនិង អនុវត្តនីតិវិធី បន្តបើ មិនអនុវត្តតាមការ សន្យា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *