សមត្ថកិច្ចបញ្ជូនឧក្រិដ្ឋជន គ្រឿងញៀន៦នាក់ និងវត្ថុតាងគ្រឿងញៀនជាង១ពាន់ ៥រយគីឡូក្រាម ទៅសាលាដំបូងខេត្តព្រះសីហនុ

(ភ្នំពេញ)៖ ក្រុមឧក្រិដ្ឋជន គ្រឿងញៀនចំនួន៦នាក់ និងវត្ថុតាងគ្រឿងញៀន ៥១កេស ចំនួន ១៥៣០ដុំ ស្មើទម្ងន់១តោន ៥១៣គ.ក្រ ៤០៩.៦០ក្រាម ត្រូវបានកម្លាំងជំនាញ មន្ទីរប្រឆាំងគ្រឿងញៀន បញ្ជូនទៅសាលាដំបូង ខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធី កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ នេះបើយោងតាមផេក អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។

គួររំលឹកថា កាលពីថ្ងៃទី២២ខែមករា ឆ្នាំ២០២៤វេលាម៉ោង ០៣និង១៥នាទី អនុវត្តតាមបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ និង លោកឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជា ដឹកនាំផ្ទាល់របស់ លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទី រប្រឆាំងបទល្មើស គ្រឿងញៀន កម្លាំងជំនាញ (ក៥) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី លោកវរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរ លោកវរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ(ក៥) លោកវរសេនីយ៍ទោ ស៊ី ម៉ារ័ត្ន លោកវរសេនីយ៍ទោ ហាស់ សំអូន និងលោកវរសេនីយ៍ទោ ងិន សារឿន នាយរងការិយាល័យ(ក៥) សហការជាមួយកម្លាំង វរសេនាតូចនគរបាល ការពារព្រំដែនទឹកលេខ២៤០ នៃនាយកដ្ឋាននគរបាល ការពារព្រំដែនទឹក ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយ លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងខេត្តព្រះសីហនុ បានស្រាវជ្រាវ ស៊ើបអង្កេត ឃ្លាំមើលមុខសញ្ញាដឹកជញ្ជូន គ្រឿងញៀនឆ្លងដែន ពីប្រទេសឡាវ ឆ្លងកាត់កម្ពុជា ចេញតាមលំហសមុទ្រ ទៅដែនកោះតៃវ៉ាន់ នៅចំណុចទី១ ៖ កំពង់ផែកំពេញស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ, ទី២៖ផ្ទះជួលគ្មានលេខ ផ្លូវទំនប់រលក ភូមិ៣ សង្កាត់ លេខ១ ក្រុងព្រះសីហនុ, ទី៣៖ ផ្ទះលេខ១៥៦ ផ្លូវ២៣ បូរីពិភពថ្មី៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ លទ្ធផល ចាប់ឃាត់ខ្លួនជនសង្ស័យ ចំនួន៦នាក់ ។

ក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដែលសមត្ថកិច្ចឃាត់បាន រួមមាន ៖ទិ១.ឈ្មោះ លី ជុងស៊ាន (LI TSUNG HSIEN) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កើត ១៦/០៣/១៩៩៤ ទី២.ឈ្មោះ ហ៊ុង ស៊ានហ៊្វូ (HUNG HSIEN FU) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កើត ០៨/០៩/១៩៧៦ ទី៣.ឈ្មោះ យ៉ាង លានឈី (YANG LIANQI) ហៅ LIM WEI MINH ភេទប្រុស ជនជាតិចិន កើត ០៦/០៨/១៩៦២ ទី៤.ឈ្មោះ ស៊ី យានយ៉ា (SHI YUANYA) ភេទប្រុស ជនជាតិចិន កើត ១៩/០២/១៩៧៩ ទី៥.ឈ្មោះ ហ័ង ស៊ាវអ៊ី (HUANG XIAOYU) ភេទប្រុស ជនជាតិចិន កើត ០១/០៨/១៩៨៩ និងទី៦.ឈ្មោះ ឈីវ ស៊ីឈា (CHIU SHIH CHIA) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កើត ១៤/០៤/១៩៩០ ។

និងចាប់ដកហូតយក វត្ថុតាងរួមមាន គ្រឿងញៀនសរុប ១៥៣០ដុំ ស្មើទម្ងន់ ១ តោន ៥១៣ គ.ក្រ ៤០៩.៦០ក្រាម, គ្រឿងញៀនប្រភេទកេតាមីន (Ketamine) ១០០០ដុំ ស្មើទម្ងន់ ៩៨០ គ.ក្រ ៨០០ក្រាម , គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ៥៣៤ដុំ. ស្មើទម្ងន់ ៥៣២ គ.ក្រ ៦០៩.៦០ក្រាម, ទូកនេសាទ ចំនួន ២គ្រឿង, អូរខ្យល់ ០១គ្រឿង, រថយន្ត ០២គ្រឿង ,ម៉ូតូ ០១គ្រឿង ,​ទូរស័ព្ទដៃ ១២គ្រឿង។

សូជម្រាបថា ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវ បទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងណែនាំឱ្យមន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការបោសសម្អាត ឧក្រិដ្ឋជនគ្រឿងញៀន ឱ្យអស់ឲ្យដល់ប្ញសគល់ ។

ដោយទទួលបានបទបញ្ជានេះ មន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន ដែលដឹកនាំដោយ លោក ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តថា នឹងចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម និងបង្ក្រាបឱ្យដល់ឫសគល់។

ជាក់ស្តែងរយៈពេលចុងក្រោយនេះ ករណីជួញដូរគ្រឿងញៀនធំៗ ជាច្រើនត្រូវបានបង្ក្រាប ជាមួយនឹងឧក្រិដ្ឋ ជនជាច្រើននាក់ ត្រូវបានចាប់ខ្លួនបញ្ជូន ទៅតុលាការផ្តន្ទា ទោសតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *