ស្ទឹងត្រែងៈនៅសាលាសង្កាត់សាមគ្គីក្រុងស្ទឹងត្រែងនាព្រឹកថ្ងៃទី២០មករា២០២៤បានរៀបចំប្រារព្ធពិធីបុណ្យរំលឹកខួបលើកទី៤៥នៃទិវាជ័យជំនះ៧មករា(០៧មករា១៩៧៩-០៧មករា២០២៤)ក្រោមអធិបតីភាពឯកឧត្តម ផាន់ ម៉េងឈឿន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារចុះជួយសង្កាត់សាមគ្គី លោក ជា ហុកឡេង អភិបាលរងក្រុងស្ទឹងត្រែង លោក ជា ម៉ាលី ចៅសង្កាត់សាមគ្គី មេភូមិ អនុភូមិ ព្រមទាំងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ជាច្រើននាក់។
នៅបន្ទាប់ពីលោក ជា ហុកឡេង អភិបាលរងក្រុងស្ទឹងត្រែងបានឡើងអានសន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជានោះរួចមក លោក ជា ម៉ាលី ចៅសង្កាត់សាមគ្គី បានឡើងមានប្រសាសន៍ថាថ្ងៃជ័យជម្នះ៧មករាគឺជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា ទោះបីក្មួយៗ ចៅៗ កើតមិនទាន់ថ្ងៃ៧មករា ក៏ដោយក្តីក៏ប៉ុន្តែឪពុកម្តាយយើងមានកំណើតទី២ក្នុងថ្ងៃ៧មករា ដូច្នេះយើងរួបរួមគ្នាការពារ សន្តិភាព ប្រឆាំងសង្គ្រាមដាច់ខាត ដើម្បីអភិវឌ្ឍប្រទេសអោយមានភាពរីកចម្រើន។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ផាន់ ម៉េងឈឿន ប្រធានក្រុមការងារចុះជួយសង្កាត់សាមគ្គីបានមានប្រសាសន៏ថា ថ្ងៃទី០៧ មករា ២០២៤ នេះជាថ្ងៃគម្រប់ខួបទី៤៥នៃទិវាជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៏ ប៉ុល ពត ដែលធ្វើអោយប្រជាជនខ្មែរបានរស់រានមានជីវិតឡើងវិញ ទាន់ពេលវេលារួចផុតពីទារុណកម្មនិងអំពើកាប់សម្លាប់ដ៏សាហាវយង់ខ្នងបំផុត។
ឯកឧត្តមបន្តថានេះគឺជាស្មារតីចងចាំជានិច្ចនូវមហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៏ប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិនិង ប្រជាជនកម្ពុជានិងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល វិរយុទ្ធជន យុទ្ធនារីសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបានប្រយុទ្ធនិងធ្វើពលីកម្មយ៉ាងអង់អាច ដើម្បីវាយរំលំរបបប្រល័យពូជសាសន៏ ប៉ុល ពត និងរាំងស្កាត់ មិនអោយរបបនេះត្រលប់មកវិញបាន។
ឯកឧត្តមបញ្ចាក់ថា ជ័យជម្នះ ៧មករា បានដណ្តើមមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុល ពត បញ្ជប់សករាជដ៏ខ្មៅងងឹតបំផុតរបស់កម្ពុជា និងបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និង វឌ្ឃនភាពសង្គម។SN