ខេត្តស្ទឹងត្រែងៈអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក្នុងទឹកប្រាក់ជាង១៦លានដុល្លាសហរដ្ឋអាមេរិក មានរយៈពេលនៃការសាងសង់ចំនួន៣៦ខែ ពីខែឧសភា ឆ្នាំ២០២៣ ដល់ខែឧសភា ឆ្នាំ២០២៦។
ហើយនៅថ្ងៃទី១៩ធ្នូ២០២៣នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈ អភិបាលខេត្ត រួមដំណើរជាមួយអភិបាលរងខេត្ត មន្រ្តីពាក់ព័ន្ធនៃមន្ទីរអង្គភាព ចុះពិនិត្យដំណើរការវឌ្ឍនភាពនៃគម្រោងសាងសង់ ដែលនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ការងារសម្រេចបានជាក់ស្តែង ជារួមចំនួន១៨កន្តក់សញ្ញា១០ភាគរយ ។
ឯកឧត្តម ស្វាយ សំអ៊ាង បានគូសបញ្ជាក់ថាការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងស្ទឹងត្រែងក្រោមហិរញ្ញប្បទានសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សំដៅធានាបាននូវប្រសិទ្ធភាព គុណភាព សុវត្ថិភាព និរន្តរភាព នៃប្រព័ន្ធទឹកកខ្វក់ និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈ និងកិច្ចការពារ បរិស្ថាន។
ឯកឧត្តម អភិបាលខេត្ត បានសម្តែងនូវអំណរគុណដល់អាជ្ញាធរក្រុង មន្ទីរសាធារណៈការនិងដឹកជញ្ជូន ធនាគារអភិវឌ្ឍន៍អាស៊ី និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរួមសហការយ៉ាងសកម្ម។
ហើយនៅពេលអនាគត់ដ៏ខ្លីខាងមុខ និងរំលេចនូវសមិទ្ធផលនេះឡើង និងបានផ្តាំផ្ញើឱ្យអ្នកពាក់ព័ន្ធទាំងអស់គ្នា សូមចូលរួមថែរក្សាការពារ ធ្វើយ៉ាងណាឱ្យគម្រោងមួយនេះស្ថិតស្ថេរគង់វង្ស ប្រើប្រាស់បានយូរអង្វែងទៅអនាគត៕
គួរបញ្ចាក់ថាទីតាំងគម្រោងស្ថិតនៅក្នុងទីប្រជុំជននៃក្រុងស្ទឹងត្រែង ដែលគ្របដណ្តប់លើផ្នែកមួយចំនួននៃ សង្កាត់ចំនួន៣ មានដូចជា សង្កាត់ស្ទឹងត្រែង សង្កាត់ស្រះឫស្សី និងសង្កាត់ព្រះបាទ និងមានផ្ទៃដីតំបន់ សេវាកម្មសរុបស្មើនិង៣០២ពាន់៧០ហិកតា៕SN