(ភ្នំពេញ)៖ ក្នុងពិធីបិទមហាសន្និបាត របស់សមាគមមិត្ត នគរបាលជាតិកម្ពុជា នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ ចំពោះការបំពេញ តួនាទីភារកិច្ចអស់ រយៈពេល ៤អាណត្តិ កន្លងទៅរបស់សមាគម មិត្តនគរបាលជាតិកម្ពុជា។
ទន្ទឹមនេះដើម្បីបំពេញ តួនាទីភារកិច្ចឱ្យកាន់ តែមានប្រសិទ្ធផលថែមទៀត ឯកឧត្ដមអភិសន្តិបណ្ឌិត បានថ្លែងលើកទឹកចិត្ត ដល់គណៈកម្មាធិការ កណ្តាលអាណត្តិថ្មី ត្រូវរៀបចំឱ្យមានកម្មវិធី ប្រជុំជាកំណត់មួយ ដើម្បីពិនិត្យលើការងារដឹកនាំ និងដោះស្រាយបញ្ហា ដែលកើតមានឡើង ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ចំពោះអង្គការចាត់ តាំងតាមអង្គភាពនីមួយៗ ចំណុះក្រសួងមហាវិញ គួរពិនិត្យរៀបចំរចនា សម្ព័ន្ធឡើងវិញ ជាពិសេសតាម អគ្គនាយកដ្ឋាន ដែលទើបបង្កើតថ្មី។
ដើម្បីលើកកម្ពស់ កិត្តិយសមន្ត្រីនគរបាលជាតិ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានជំរុញដល់គណៈ កម្មាធិការអាណត្តិថ្មី ឱ្យពិចារណាបង្កើត ក្រុមការងារ ឬអនុគណៈកម្មាធិការរៀបចំ ពិធីបុណ្យសពនៅតាម គណៈកម្មាធិការ មូលដ្ឋាននីមួយៗ សម្រាប់ចាត់ចែងពិធី បុណ្យឱ្យបានសមរម្យ។
ដូចគ្នាដែរថវិការ សម្រាប់ឧបត្ថម្ភដល់ នគរបាលជាតិជា សមាជិករបស់សមាគមវិញ គប្បីពន្លឿនក្នុងផ្ដល់ជូន ក្រុមគ្រួសារសព យ៉ាងយូរក្នុងរយៈពេល១២ថ្ងៃ នៃថ្ងៃធ្វើការ ដោយកុំអូស បន្លាយពេលយូរ។
ដោយឡែកចំពោះ ការផ្សព្វផ្សាយសកម្មភាពវិញ គណៈកម្មការនិពន្ធ ទស្សនាវដ្ដីមិត្តនគរបាល សូមបន្តបង្កើនការយក ចិត្តទុកដាក់សម្រិត សម្រាំងទាំងរូបភាព និងខ្លឹមសារអត្ថបទ ឱ្យបានកាន់តែល្អទ្វេរដង ក៏ដូចជាពង្រីកការ ចុះផ្សាយសកម្មភាព ដែលបានចុះផ្ដល់ ថវិកាឧបត្ថម្ភ និងការជួយរៀប ចំពិធីបុណ្យសពផងដែរ។
រីឯការគ្រប់គ្រងសមាជិក ដើម្បីឱ្យស្របតាមគោល នយោបាយឌីជីថល និងភាពងាយស្រួល សមាគមមិត្តនគរបាលជាតិកម្ពុជា គួរសហការជាមួយ អគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងអគ្គនាយកដ្ឋាន ធនធានមនុស្ស នៃក្រសួងមហាផ្ទៃ ដើម្បីឈានទៅ ធ្វើទំនើបកម្មគ្រប់គ្រង ឯកសាររបស់សមាជិក សមាជិកាតាម ប្រព័ន្ធឌីជីថល ដោយមិនអាចនៅ បន្តប្រតិបត្តិការតាមបែប ប្រពៃណីទៀតឡើយ។
ក្នុងពិធីបិទមហាសន្និបាតនេះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ផ្ញើសារអំពាវនាវ ដល់បណ្ដាសប្បុរសជនគ្រប់មជ្ឈដ្ឋាន បន្តឧបត្ថម្ភគាំទ្រ សមាគមមិត្តនគរបាលជាតិកម្ពុជា ដើម្បីឱ្យសមាគម នេះកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត នាពេលបច្ចុប្បន្ននិងអនាគត។
គួរកត់សម្គាល់ថា មហាសន្និបាត បានបោះឆ្នោតជូនឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ធ្វើជាប្រធាន និងបោះឆ្នោតផ្ដល់សេចក្ដី ទុកចិត្តជូនឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានកិត្តិយស៕