(ភ្នំពេញ)៖ នៅក្នុងកម្មវិធី Wurkz សេនាគុនខ្មែរពិភពលោក នៅយប់ថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ស្តេចប្រដាល់ ដាវ លីឌុច ( Dave Leduc ) និង ព្រំ សំណាង បានត្រឹមស្មើគ្នា ខណៈព្រំសំណាង ត្រូវម៉ាត់១ដៃ របស់ដាវលីឌុច អុកគូទ។ កីឡាករទាំងពីរ បែកមុខ ហូរឈាមដូចគ្នា។
ការប្រកួតនេះ រៀបចំដោយសង្វៀនថោន នៅទីតាំងផ្សារទំនើប ជីបម៉ុង 271 មេហ្គាម៉ល ក្នុងរាជធានីភ្នំពេញ។ ការប្រកួតនេះ គឺមានតែ ១ទឹកប៉ុណ្ណោះ ដែលមានរយៈពេល ៩នាទី។
ការប្រកួតនេះ បានពន្យារពេល រហូតដល់ម៉ោង ១១យប់។ យូរជាង ៥គូមុន។ ការពន្យារពេលនេះ ត្រូវបានពិធីករប្រកាសថា ដោយសារតែកីឡាករទាំងពីរ បានប្តូរការពាក់ក្រ័ង មកជាការរុំអំបោះឆៅ។
ព្រំ សំណាង និង Dave Leduc ប្រកួតក្នុងទម្ងន់ ៨១គីឡូក្រាម។ ស្តេចប្រដាល់របស់មីយ៉ាន់ម៉ា Dave Leduc ដែលមានសញ្ជាតិដើម កាណាដា គឺជាម្ចាស់ខ្សែក្រវាត់ ONE Championship ខណៈដែល ព្រំ សំណាង ជាម្ចាស់មេដាយមាស ស៊ីហ្គេម។
កើតនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ១៩៨៦ ព្រំ សំណាង បច្ចុប្បន្នមានវ័យ ៣៧ឆ្នាំ និងកម្ពស់ ១.៨៣ម៉ែត្រ។ មានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ ម្ចាស់មេដាយមាសគុនខ្មែរ នៃព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ព្រំ សំណាង បានចូលប្រឡូកអាជីពប្រដាល់គុនខ្មែរ តាំងពីឆ្នាំ២០១១ ធ្លាប់ប្រកួតបាន ១៥៩ដង ឈ្នះ ១៤៤ដង (វាយគូប្រកួតសន្លប់ ៧០ដង) ចាញ់ ១២ដង និងស្មើគ្នា ៣ដង។
ដោយឡែក កីឡាករជនជាតិកាណាដា Dave Leduc ទើបចូលសញ្ជាតិមីយ៉ាន់ម៉ា កើតនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៩១ មានកម្ពស់ ១.៨៨ម៉ែត្រ។ ដាវ លីឌុច ចាប់ផ្ដើមហាត់ក្បាច់គុន តាំងពីវ័យ ១៦ឆ្នាំ ហើយបានឆ្លងកាត់ការបណ្ដុះបណ្ដាលជំនាញកីឡាប្រយុទ្ធជាច្រើន មុនហាត់ក្បាច់គុន Lethwei របស់មីយ៉ាន់ម៉ា។ នៅឆ្នាំ២០១៦ ដាវ លីឌុច បានទៅមីយ៉ាន់ម៉ា ហើយបានហាត់កីឡាប្រដាល់ និងចូលសញ្ជាតិមីយ៉ាន់ម៉ា។ ដាវ លីឌុច ក៏ធ្លាប់ហ្វឹកហាត់ និងប្រកួតគុនចម្រុះ (MMA) និងប្រដាល់ Mauy Thai ផងដែរ។
Dave Leduc ជាម្ចាស់ខ្សែក្រវាត់ ចំនួន ៥ និងពានរង្វាន់ជាច្រើន ហើយត្រូវបានប្រជាជនមីយ៉ាន់ម៉ា ប្រសិទ្ធនាមថា «The King of Lethwei» សម្តេចប្រដាល់មីយ៉ាន់ម៉ា ទៀតផង។
ក្នុងការប្រកួតយប់ថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកានេះ ក៏មានកីឡាករជើងខ្លាំង ៥នាក់ទៀត រួមមាន៖ ឈុត សេរីវ៉ាន់ថង, បឺត សង្ឃឹម, ផល សោភ័ណ្ឌ ធឿន ធារ៉ា, និងរឿង សោភ័ណ្ឌ ក៏បានប្រកួតជាមួយបរទេសផងដែរ។
ឈុត សេរីវ៉ាន់ថង យកឈ្នះអ្នកប្រដាល់របស់រុស្ស៊ី MAZORIEV SHARIF ក្នុងទម្ងន់ ៦០ គីឡូក្រាម ដោយផ្តួលឱ្យសន្លប់ នៅទឹកទី២។
ម្ចាស់មេដាយមាសស៊ីហ្គេម២សម័យកាល បឺត សង្ឃឹម យកឈ្នះ កីឡាករមកពីប្រទេសទីម័រ KYRGYZ ក្នុងទម្ងន់ ៥៧ គីឡូក្រាម។ ឆ្លងកាត់ការប្រកួត ៣ទឹក កីឡាករ បឺត សង្ឃឹម ឈ្នះដោយពិន្ទុ។
ចំណែក ផល សោភ័ណ្ឌ បានយកឈ្នះកីឡាករចិន LI TIANTAO ក្នុងទម្ងន់ ៦៥ គីឡូក្រាម ដោយអាជ្ញាកណ្តាល បញ្ឈប់ការប្រកួត នៅទឹកទី២។
រឿង សោភ័ណ្ឌ ប្រកួតជាមួយអ្នកប្រដាល់របស់អេស្ប៉ាញ MIKEL JESUA ក្នុងទម្ងន់ ៦៩គីឡូក្រាម។ ជាលទ្ធផល រឿង សោភ័ណ្ឌ បានយកឈ្នះ នៅទឹកទី១ ដោយអាជ្ញាកណ្តាល បញ្ឈប់ការប្រកួត ក្រោយពីកីឡាករអេស្ប៉ាញ ត្រូវ ១កែង រយះថ្ងាស លើចិញ្ចើមខាងស្តាំ។
រីឯ ធឿន ធារ៉ា ប៉ះម្ចាស់ខ្សែក្រវាត់របស់ប្រេស៊ីល DANIEL TORRES ក្នុងទម្ងន់ ៧២គីឡូក្រាម។ ធឿន ធារ៉ា បានយកឈ្នះកីឡាករប្រេស៊ីល នៅទឹកទី២ ដោយវាយម៉ាត់ ១ដៃឆ្វេង បណ្តាលឱ្យកីឡាករ Daniel Torres សន្លប់ស្តូក៕