ខេត្តស្ទឹងត្រែងៈកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងកាលពីរសៀលថ្ងៃទី៣១តុលា២០២៣បានឆ្មក់ចាប់បង្ក្រាបរថយន្តសាំយ៉ុងដឹកឈើប្រណិតនិងឈើកែច្នៃលទ្ធផលពាក់កណ្តាលសម្រេចបានមួយគ្រឿងខណៈដែលរថយន្តនោះបានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីចំណុចភូមិកាចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។
មន្ត្រីកងរាជអាវុធហត្ថបានអោយដឹងថាក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយត្រីអៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កម្លាំងអាវុធហត្ថបានឈានទៅបង្ក្រាបរថយន្តសាំយ៉ុងមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាក់លេខកំពត 3A 3013 ដែលផ្ទុកឈើប្រណិតពេញរថយន្ត។
មន្ត្រីដដែលបញ្ជាក់ថាមុននិងបង្ក្រាបរថយន្តសាំយ៉ុងខាងលើបានកម្លាំងកងរាជអាវុធហត្ថបានប្រដេញចាប់តាំងពីស្នាក់ការ អាវុធហត្ថ៧៤៧ រហូតមកដល់ចំណុចផ្លូវចូលខេ ក្នុងភូមិគីឡូ៨សង្កាត់សាមគ្គី ទើបបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើនោះបានសម្រេច ហើយបាននាំយករថយន្តដឹកបទល្មើសនោះទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថចាត់ការបន្តតាមនិតិវិធីរួចប្រគល់អោយជំនាញរដ្ឋបាលព្រៃឈើចាត់ការតាមនិតិវិធី។
ចំពោះរថយន្តសាំយ៉ុងដឹកឈើប្រណិតខាងលើត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងអោយដឹងថាឈើនោះមានចំនួនចំនួន១៧សន្លឹក ជាប្រភេទឈើប្រណិតតាត្រាវមានចំនួនជាង១ម៉ែត្រគូបត្រីគុណ និងឈើសាឡុង១ឈុតជាឈើលទ្ធផលពាក់កណ្តាលសម្រេច។
សូមបញ្ជាក់ផងដែរថារថយន្តដឹកបទល្មើសដែលកម្លាំងកងរាជអាវុធខេត្តបង្ក្រាបបានខាងលើគឺបំរុងដឹកយកទៅលក់នៅស្រុកឆ្លូងខេត្តក្រចេះ។SN