ខេត្តស្ទឹងត្រែងៈ នៅក្នុងស្រុកសៀមប៉ាង មិនមែនមានតែឃុំសេកុង មិងឃុំស្រែសំបូរ ដែលមេឃុំទាំងពីរនេះ បានឃុបឃិតជាមួយមន្ត្រីសម្របសម្រួលបច្ចេកទេសថ្នាក់ស្រុក មន្ត្រីសម្របសម្រួលបច្ចេកទេសថ្នាក់ខេត្ត រួមគំនិតជាមួយក្រុមហ៊ុនសុធិរាជខន់ស្ត្រាក់សិនរបស់លោកម៉ៅអេងជឺ ធ្វើផ្លូវដីសចំនួនពីរខ្សែមិនដល់២០គីឡូម៉ែត្រផង បានសុីលុយរដ្ឋអស់ជាង៦រយលានរៀលឯណោះ សូម្បីតែឃុំព្រែកមាសរបស់លោកថង ផាន់ ក៏មិនខុសគ្នាដែរ គឺលោកមេឃុំព្រែកមាសថង ផាន់ រួមជាមួយមន្ត្រីបច្ចេកទេសថ្នាក់ស្រុក មន្ត្រីបច្ចេសទេសខេត្តលោក កាន់ សាវុធ បានឃុបឃិតជ្រើសយកក្រុមហ៊ុនលោក ម៉ៅ អេងជឺ ឱ្យធ្វើផ្លូវដោយមិនបានដាក់ប្រកាសឱ្យដេញថ្លៃជាសាធារណៈនោះទេ ដែលទង្វើនេះខុសទៅនឹងលក្ខន្តិកៈរបស់សហក្រសួង មានក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាដើម ។
លោក ថង ផាន់ មេឃុំព្រែកមាសបានអោយដឹងថា លុយមូលនិធិឃុំព្រែកមាសឆ្នាំ២០២៣មានសរុបចំនួន៤រយលានរៀល ត្រូវបានយកទៅធ្វើផ្លូវលំប្រវែង១០គីឡូម៉ែត្រ នៅតំបន់ភូមិថ្មដាខ្លះ និងនៅតំបន់ភូមិពងក្រៀលខ្លះ ដោយពុំមានដាក់លូនិងស្ពាននោះទេ ដែលស្ថាបនាដោយក្រុមហ៊ុនសុធិរាជខន់ស្ត្រាក់សិនរបស់លោកម៉ៅអេងជឺ បន្ទាប់ពីក្រុមហ៊ុននេះត្រូវបានគណៈកម្មការសម្រេចជ្រើសរើសយកដោយពុំបានប្រកាសដាក់ឱ្យដេញថ្លៃជាសាធារណៈឡើយ ។
លោក បន្តថា “នៅកំឡុងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ មានការដាក់ប្រកាសឱ្យដេញថ្លៃជាសាធារណៈធ្វើផ្លូវឃុំចំនួនពីរក្នុងថ្ងៃតែមួយ គឺឃុំព្រែកមាសនិងផ្លូវឃុំថ្មកែវ ទីកន្លែងដេញថ្លៃនៅសាលាស្រុកសៀមប៉ាង មិនមែនដេញថ្លៃនៅសាលាឃុំនោះទេ ។លោកបន្តថា នៅក្នុងវេលាម៉ោងប្រហែល៩ព្រឹក នៅថ្ងៃខែ ឆ្នាំដដែល កម្មវិធីដេញថ្លៃជាសារណៈនោះត្រូវបានឆាចោលទាំងស្រុង ហើយបន្ទាប់ពីឆាចោល ក៏សម្រេចជ្រើសយកក្រុមហ៊ុនលោកម៉ៅអេងជឺ តាមការបង្គាប់បញ្ជាពីសាលាស្រុក និងពីលោក កាន់ សាវុធ មន្ត្រីសម្របសម្រួលបច្ចេកទេសថ្នាក់ខេត្ត ដោយមិនចាំបាច់ដាក់ប្រកាសឱ្យដេញថ្លៃសាធារណៈជាលើកទី២នោះឡើយ ដោយយល់ឃើញថាក្រុមហ៊ុនលោកម៉ៅអេងជឺ ធ្លាប់ធ្វើការងារជាមួយគ្នាកន្លងមក ហើយធ្វើបានស្អាតល្អថែមទៀត“។
បើយោងតាមប្រសាសន៍លោក ថង ផាន់ មេឃុំព្រែកមាសខាងលើមានន័យថា ផ្លូវលំសោះ ប្រវែង១គីឡូម៉ែត្រ ត្រូវចំណាយអស់លុយ៤០លានរៀល ដូច្នេះប្រវែងផ្លូវ១០គីឡីម៉ែត្រ ត្រូវចំណាយលុយអស់៤០០លានរៀលបែបនេះពិតមែនហើយ ។ការចំណាយលុយយ៉ាងសន្ធឹកសន្ធាប់បែបនេះ ត្រូវបានមហាជនងឿងឆ្ងល់ថា តើពិតដែរឫទេ ?ផ្លូវលំសោះ ប្រវែង១គ.ម ត្រូវចំណាយលុយអស់៤០លានរៀលដូច្នេះ ?ម្យ៉ាងទៀតចំពោះចំពោះការស្ថាបនាផ្លូវក្នុងឃុំព្រែកមាស ត្រូវបានប្រជាពលរដ្ឋលើកឡើងថា អាជ្ញាធរពុំបានប្រាប់ដំណឹងដល់ពួកគាត់ជាមុន ពុំបានសងសំណងផលប៉ះពាល់ខណៈធ្វើផ្លូវកាត់ដីស្រែ ដីចម្ការរបស់ពួកគាត់ ពុំបានធ្វើការសិក្សាគំរោងជាមុនសឹមធ្វើផ្លូវជាក្រោយ ហើយផ្លូវខាងលើទៀតសោតជាផ្លូវថ្មីចូលទៅក្នុងព្រៃ ស្ទើរតែគ្មានមនុស្សដើរ មិនមែនជាផ្លូវចាំបាច់ក្នុងការធ្វើដំណើរចេញចូលប្រកបមុខរបរអាជីវកម្មរបស់អ្នកស្រុកនៅតំបន់នោះឡើយ ។
សូមរំឭកថា ករណីបែកធ្លាយរឿងពុករលួយឃុបឃិតសុីលុយរដ្ឋយ៉ាងសន្ធឹកសន្ធាប់បែបនេះរបស់មន្ត្រីឃុំ, មន្ត្រីសម្របសម្រួលបច្ចេកទេសថ្នាក់ស្រុក, មន្ត្រីសម្របសម្រួលបច្ចេកទេសថ្នាក់ខេត្ត ជាមួយក្រុមហ៊ុនម៉ៅអេងជឺខាងលើ ដោយសារកាលពីពេលថ្មីៗកន្លងទៅ មានក្រុមហ៊ុនម៉ៅការធ្វើផ្លូវកក្នុងខេត្តស្ទឹងត្រែងចំនួន៤ បានលាតត្រដាងនូវពុតត្បុតអាក្រក់ទុច្ចរិតកិបកេងផ្សំគំនិតឃុបឃិតជាប្រព័ន្ធបន្លំសុីបំបាត់លុយរដ្ឋរបស់មន្ត្រីនិងបក្ខពួកខាងលើទាំងនោះ ហើយបានដាក់ពាក្យប្តឹងទៅអភិបាលខេត្តស្ទឹងត្រែង ដើម្បីស្នើរសុំឱ្យមានការចុះធ្វើអធិការកិច្ច ព្រមទាំងចាត់វិធានការផ្លូវច្បាប់ផងដែរ ។
សូមបញ្ជាក់បន្ថែមទៀតថា នៅខេត្តស្ទឹងត្រែងនាពេលថ្មីៗនេះ មានករណីធ្វើផ្លូវសុីដាច់លុយរដ្ឋរាប់រយលានរៀលបែបនេះ ក្រុមអ្នកសារព័ត៌មានយើងទទួលបានមកថា នៅស្រុកសៀមប៉ាងមានឃុំសេកុង ឃុំស្រែសំបូរ ឃុំថ្មកែវ ឃុំព្រែកមាស នៅស្រុកបុរីអូរស្វាយសែនជ័យ មានឃុំអូរស្វាយ នៅស្រុកថាឡាបរិវ៉ាត់ មានឃុំចំការលើ នៅស្រុកសៀមបូក មានឃុំកោះសំពាយ និងឃុំអូរម្រះ ដូច្នេះស្នើរសុំក្រសួងសាមី និងស្ថាប័នពាក់ពន្ធជួយចាត់វិធានការចំពោះរឿងនេះផង។
SAMNEANG