(រាជធានីភំ្នពេញ) ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន សមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាជនជាតិបូលីវី នាំល្បាយគ្រឿងញៀន កូកាអ៉ិនពីប្រទេសប្រេស៊ីល ឆ្លងកាត់ប្រទេសម៉ាឡេស៊ី ចូលមកកម្ពុជា តាមអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ រួមទាំងល្បាយគ្រឿងញៀន កូកាអ៉ិន ទម្ងន់ ៤៣៥៦ក្រាម (គិតទាំងសំបកប្លាស្ទីក និង សាច់កំណាត់)។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បន្ទាប់ពីទទួលព័ត៌មាន សម្ងាត់ពីទីភ្នាក់ងារ អនុវត្តច្បាប់ប្រឆាំង គ្រឿងញៀន អាមេរិក (DEA) និងមន្ត្រីសហព័ន្ធប្រេស៊ីល កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៧និង៤៥នាទី មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចាត់កម្លាំងជំនាញ ការិយាល័យ(ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ម៉ាក់ សេរីវឌ្ឍនា នាយករងមន្ទីរ, លោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ, លោកវរសេនីយ៍ឯក ថៃ រិទ្ធីរក្ស នាយករងមន្ទីរ, លោកវរសេនីយ៍ឯក គង់ សីវឌ្ឍនា នាយការិយាល័យ ដែលដឹកនាំសម្របសម្រួលដោយ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំនៅអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ បានធ្វើការត្រួតពិនិត្យ វ៉ាល្លីសរបស់ជនសង្ស័យ ដែលធ្វើដំណើរមកពីទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ឆ្លងកាត់ឌុយបៃ បន្តមកប្តូរជើងហោះ ហើរនៅម៉ាឡេស៊ី រួចធ្វើដំណើរមក អាកាសយាន ដ្ឋានអន្តរជាតិភ្នំពេញ តាមជើងហោះហើរ MH762 ពីម៉ាឡេស៊ី ។
សមត្ថកិចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ KAREN CECIA LOPEZ VACA ភេទស្រី ជនជាតិបូលីវី ឆ្នាំកំណើត១៩៨៧។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ កម្លាំងជំនាញដកហូតបាន វត្ថុតាងចាប់យក ៖ ក្រោយធ្វើតេស្តបឋមបង្ហាញលទ្ធផល ជាគ្រឿងញៀនប្រភេទកូកាអ៊ីន (Cocaine) ចំនួន២១បន្ទះធំ និង២២បន្ទះតូច (សរុប៤៣ បន្ទះ) ជាប់ជាមួយសាច់សម្លៀកបំពាក់ ដោយធ្វើការដេរភ្ជាប់ខោអាវ ដែលមានទម្ងន់សរុប ៤៣៥៦ក្រាម (គិតទាំងសំបកប្លាស្ទីក និងសាច់កំណាត់)។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការទៅតាមនីតិវិធី៕