ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីបើករថយន្តបុកក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ស្លាប់!


ខេត្តមណ្ឌលគិរីៈ លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបានបើករថយន្តបុកក្មេងអាយុ៥ឆ្នាំម្នាក់ស្លាប់បង្កការភ្ញាក់ផ្អើលពេញខេត្ត។

ហេតុការណ៍លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបើករថយន្តបុកក្មេងនោះបានកើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី៣ខែសីហាឆ្នាំ២០២៣នៅត្រង់ចំណុចក្រុមពូទ្រង ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ តែអ្វីដែលគេចាប់អារម្មណ៍ហួសចិត្តនោះគឺលោកប្រធានមន្ទីររូបនោះមិននៅដោះស្រាយបញ្ហានៅនឹងកន្លែងកើតហេតុនោះទេបែរជាព្យាយាមគេចវេះខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។

ទោះយ៉ាងណាក៏ដោយ តាមរយៈភិនភាគរថយន្តនិងស្លាកលេខ អ្នកឃុំសែនមនោរម្យបានស្គាល់ច្បាស់ណាស់ថាគឺជារថយន្តលោកយន់ សារោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី។

មន្ត្រីនគរបាលចរាចរណ៍ស្រុកអូររាំងបានឱ្យដឹងថា នៅថ្ងៃកើតហេតុនោះ លោកយន់ សារ៉ោម បានធ្វើដំណើរដោយរថយន្តចេញពីក្រុងសែនមនោរម្យបើករថយន្តពាក់ស្លាកលេខរដ្ឋ២០-២-០១៥២ គោលដៅទៅពិនិត្យមើលផ្លូវដែលបាក់ស្រុតនៅចំណុច អូរងើយ ក្នុងស្រុកអូររាំងនិងមើលដំណើរការនៃការឈូសឆាយធ្វើផ្លូវវាងដើម្បីអាចឱ្យរថយន្តធ្វើចរាចរណ៍បណ្ដោះ អាសន្នបានសិន។

អ្នកភូមិនៅទីនោះនិយាយថា ក្មេងប្រុស អាយុ៥ឆ្នាំរងគ្រោះនោះកំពុងតែរត់លេងនៅលើចិញ្ចើមផ្លូវក៏ត្រូវរថយន្តលោកយន់ សារ៉ោម បើកបំបុកតែម្តង ហើយក៏ជ្រុលចង្កូតទៅបុករថយន្តកាមរីស្វិត១គ្រឿងទៀតផងដែរ។

អ្នកភូមិនិយាយទៀតថា អ្នកបើកបររថយន្តពាក់ស្លាកលេខរដ្ឋនោះទំនងជាងងុយដេកក៏ជ្រុលទៅបុកតែម្តង។

ក្មេងប្រុសរងគ្រោះឈ្មោះ ជីង អាន អាយុ៥ឆ្នាំ រស់នៅជាមួយឪពុកម្ដាយក្នុងក្រុមពូទ្រង ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ក្រោយកើតហេតុលោកយន់ សារ៉ោម ដែលជាអ្នកបើកបររថយន្តបង្កហេតុផ្ទាល់មិនបាននៅសួរនាំហេតុផលឬជួបឪពុកម្ដាយក្មេងរងគ្រោះនោះដើម្បីដោះស្រាយឡើយ។

តែផ្ទុយទៅវិញលោកបានព្យាយាមជម្លៀសខ្លួនចេញពីកន្លែងកើតហេតុយ៉ាងលឿនបំផុតទៀតផង។

យ៉ាងណាក៏ដោយតាមរយៈភិនភាគរថយន្តទើបគេដឹងថា ជនបង្កហេតុគឺលោកយន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីគឺជាជនលេចធ្លោម្នាក់លើបញ្ហារឿងអាស្រូវនៅក្នុងខេត្តមណ្ឌលគិរីទាំងបញ្ហាក្រុមគ្រួសារនិងបញ្ហាសង្គមពាក់ព័ន្ធអំពើហិង្សានិងបញ្ហាដីធ្លីជាច្រើនទៀតផង ។
ឥឡូវរឿងមួយទៀតគឺករណីបើករថយន្តបុកក្មេងបណ្ដាលឱ្យស្លាប់រួចលោកគេចខ្លួនព្យាយាមមិនទទួលខុសត្រូវ។

បើទោះបីជាមានរឿងអាស្រូវច្រើនរុំព័ទ្ធនិងការស្ដីបន្ទោសពីអភិបាលខេត្តយ៉ាងណាក្តីក៏លោកយន់ សារ៉ោម នៅតែបន្តឈរជើងយ៉ាងរឹងមាំនៅក្នុងតួនាទីជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីដដែល។
មជ្ឈដ្ឋាននានាគេរង់ចាំមើលរឿងមួយនេះទៀតពាក់ព័ន្ធនឹងអាយុជីវិតក្មេង តើលោកយន់ សារ៉ោម មានជោគវាសនាយ៉ាងណាឬសងលុយរួចខ្លួន ដោយមិនមានទោសអ្វីទេ។
លោកយន់ សារ៉ោម កន្លងមកបានប្រព្រឹត្តខុសឆ្គងក្នុងការងារក៏ដូចជាទំនាក់ទំនងជាមួយប្រជាជនផងដែរ ៕SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *