ខេត្តស្ទឹងត្រែង: ដើម្បីធានា និងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យបានទៅបោះឆ្នោតគ្រប់ៗគ្នា ដោយមិនឱ្យមានការភ័យខ្លាចថែមទៀតនោះ រដ្ឋបាលខេត្តស្ទឹងត្រែងបានប្រើកម្លាំងជិត៥រយនាក់ ក្នុងថ្ងៃបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នីតិកាលទី៧នេះ ។
លោក ម៉ែន គង់ អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង បានប្រាប់នៅថ្ងៃទី២០ ខែកក្កដា២០២៣នេះថា រដ្ឋបាលខេត្តស្ទឹងត្រែងបានត្រៀមកម្លាំងរួចរាល់ដើម្បីថែរក្សាសន្តិសុខសណ្តាប់ជូនប្រជាពលរដ្ឋគ្រប់រូប ទាំងក្រុងនិងជនបទ ឱ្យពួកគាត់បានទៅបោះឆ្នោតប្រកបដោយសុខសុវត្ថិភាព និងមិនមានការភ័យខ្លាចថែមទៀត ។
នៅក្នុងនោះផងដែរឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋគ្រប់រូបក្នុងខេត្តស្ទឹងត្រែង អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដានេះ ដើម្បីអនុញ្ញាតិឱ្យសម្តេចតេជោដឹកនាំប្រទេសកម្ពុជា និងគាំទ្របេក្ខជនឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើនរុងរឿងជឿនលឿនបន្ថែមទៀត ។
SAMNEANG