ស្ទឹងត្រែងៈឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើររបស់ រាជរដ្ឋាភិបាលកម្ពុជាជូនថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង, ប្រមាណជាង១០០នាក់ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង។
លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តឡើងអានរបាយការណ៍សង្ខេប អំពីលទ្ធផលការងារសុខាភិបាលរួចមក ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានសម្តែងនូវការកោតសរសើរចំពោះមន្ត្រីសុខាភិបាលទាំងអស់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋនៃខេត្តស្ទឹងត្រែង និយាយដោយឡែក និងប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានចូលរួមសហការ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងធានាបាននូវការផ្តល់សេវាសុខភាពជាសារវ័ន្ត ទោះបីជាខេត្តស្ទឹងត្រែង ក៏មានការផ្ទុះនៃជំងឺកូវីដ-១៩ជាលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា នៅទូទាំងប្រទេសបានរងនូវផលប៉ះពាល់ដោយវិបត្តិជំងឺកូវីដ-១៩ សំខាន់លើវិស័យជាច្រើន។
ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានគូសបញ្ជាក់ថា សមិទ្ធផលដ៏ធំធេងនេះ កើតចេញពីការដឹកនាំប្រកបដោយស្មារតី បុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម ការគ្រប់គ្រងបានជំងឺកូវីដ-១៩ ការរក្សាកំណើនសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជន ការលើកកម្ពស់កិត្យានុភាពកម្ពុជា នៅលើឆាកតំបន់និងអន្តរជាតិ តាមរយៈនយោបាយការបរទេស ឯករាជ្យដោយផ្អែកលើច្បាប់។ ម៉្យាងទៀតថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ី អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ក្នុងបរិយាកាសមហោឡារិក អធឹកអធម ល្បីខ្ទរខ្ទាទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងតំបន់និងនៅលើសកលលោក។ ដូច្នេះតម្លៃសន្តិភាព ដែលកម្ពុជាកំពុងតែមាន និង ខិតខំថែរក្សានៅ ពេលនេះ គឺពិតជាកត្តាសំខាន់បំផុត ដែលបងប្អូនជនរួមជាតិកម្ពុជាទាំងអស់ ត្រូវតែចងចាំជានិច្ច និងចូលរួម ថែរក្សាការពារសន្តិភាពនេះឲ្យបានគង់វង្ស សម្រាមកូនចៅជំនាន់ក្រោយ ។
ឆ្លៀតក្នុងឪកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ក៏បានធ្វើការក្រើនរំលឹកដល់មន្ត្រីសុខាភិបាល គ្រូពេទ្យ ត្រូវគោរពនូវក្រមសីលធម៌របស់គ្រូពេទ្យ ចំពោះប្រជាពលរដ្ឋចូលមកទទួលសេវា និង សូមឲ្យអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ឲ្យបានគ្រប់ៗគ្នាផងដែរ ។