ស្ទឹងត្រែង៖ លេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែង ដឹកនាំដោយ លោក ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានបន្តសកម្មភាពចុះផ្សព្វផ្សាយបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនិងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងផលប៉ះពាលយ៉ាងធ្ងន់ធ្ងរនៃប្រើប្រាស់គ្រឿងញៀនខុសច្បាប់ជូនដល់សិស្សនុសិស្សវិទ្យាល័យព្រះគោ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោក ធូ ចាន់ ពៅ អភិបាលរងខេត្តស្ទឹងត្រែង និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្តបានមានប្រសាសន៍ថាឥទ្ធិលនៃការប្រើប្រាស់គ្រឿងញៀនអាចបំផ្លាញទាំងរូបរាង្គកាយ សុខភាព បញ្ញាស្មារតី និងអាចឈានដល់ការស្លាប់ទៀតផង ដូច្នេះក្នុងនាមប្អូនៗជាសិស្សានុសិស្ស និងជាទំពាំងស្នងឫស្សីជំនាន់ក្រោយ ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន រួមគ្នា ទប់ស្កាត់ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទដើម្បីធានាបាននូវគោលនយោបាលភូមិឃុំមានសុវត្ថិភាព និងសង្គមជាតិមានភាពរីកចំរើន។
លោកបន្តថាបញ្ហាគ្រឿងញៀនជាបញ្ហាសង្គមមួយដ៏រ៉ាំរៃ និងស្មុគស្មាញដែលវា បង្ករផលវិបាកជាច្រើនដល់សង្គមជាតិ និងមនុស្សទូទៅ។ លោកថាការដោះស្រាយបញ្ហាគ្រឿងញៀន ទាមទារឲ្យមានការចូលរួមចាប់ពីបុគ្គលម្នាក់ៗ ក្រុមគ្រួសារ សហគមន៍ អាជ្ញាធរមូលដ្ឋាន ជាដើមដើម្បីធ្វើយ៉ាងណាឈានទៅរកការលុបបំបាត់ការប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន។
លោកអភិបាលរងខេត្តស្ទឹងត្រែងក៏បានអំពាវនាវដល់សិស្សានុសិស្ស និង អណាព្យាបាល ប្រជាពលរដ្ឋគ្រប់រូប និងអ្នកពាក់ព័ន្ធរួមសហការគ្នា ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលបញ្ហាគ្រឿងញៀនដែលនាំឱ្យបំផ្លាញសហគមន៍ និងត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ខពាក់ព័ន្ធមានវិធានការប្រសិនបើឃើញមានលួចលាក់ រក្សាទុក ជួញដូរឬប្រលប្រាស់គ្រឿងញៀនខុសច្បាប់។
វរសេនីយ៍ទោ ដួង ហុង អធិការរងនគបាលស្រុកថាឡាបរិវ៉ាត់ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនបានលើកឡើងថាគ្រឿងញៀនជាបញ្ហាមួដែលមានភាពស្មុគស្មាញខ្លាំងណាស់ ទោះជាយ៉ាងណាកម្លាំងសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធបានខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់។
លោកស្នើដល់អាណាព្យាបាល មាតាបិតាសិស្សទាំងអស់ សូមបង្កើនការពិនិត្យ និងតាមដានចំពោះការសិក្សារបស់កូនៗឲ្យបានទៀងទាត់ និងសហការឲ្យបានជិតស្និទ្ធជាមួយលោកគ្រូ អ្នកគ្រូទទួលបន្ទុកថ្នាក់រៀននីមួយៗ ដើម្បីជាយន្តការមួយដាស់តឿន ក្រើនរំលឹកដល់កូនៗរបស់ខ្លួនឲ្យពួកគេគេចផុតពីការប្រឈមមុខខ្លាំងដោយបញ្ហាគ្រឿងញៀន។
គួបញ្ជាក់ផងដែរថានៅក្នុងសកម្មភាពចុះផ្សព្វផ្សាយពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនជូនដល់សិស្សនុសិស្សវិទ្យាល័យព្រះគោ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងនេះ លេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្តបានរៀបចំជាសំនួរចម្លើយពាក់ព័ន្ធនិងគ្រោះថ្នាក់ញៀនដល់សិស្សានុសិស្ស ព្រមទាំងបានចែកសម្ភារះសិក្សាមួចំនួនដល់សាលាផងដែរ៕
SAMNEANG.