ស្ទឹងត្រែងៈគ្រួសារដែលខ្វះខាតស្បៀងអាហារនិង រស់នៅក្នុងស្ថានភាពលំបាកត្រូវបានសាខាកាកបាទក្រហម កម្ពុជាខេត្តស្ទឹងត្រែង និងសប្បុរសជន បានជួយឧបត្ថម្ភជាថវិកា និង សម្ភារៈគ្រឿងបរិភោគ ឧបភោគជាច្រើន ដើម្បីសម្រួលភាពលំបាក និងជាកម្លាំងចលករ ធ្វើការងារដាំដុះដំណាំរួមផ្សំសម្រាប់ដោះស្រាយជីវភាពរស់នៅ។
ក្នុងឱកាសផ្តល់អំណាយជូនជនងាយរងគ្រោះនៅភូមិដំរីផុង ឃុំកោះសំពាយ ស្រុកសៀមបូកខេត្តស្ទឹងត្រែង នៅថ្ងៃទី០៣ ឧសភាឆ្នាំ២០២៣ លោកសាយព្រលឹង ប្រធានប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តបានបញ្ជាក់ថា៖ ក្រុមការងារបាននាំយកថវិកានិងសម្ភារ គ្រឿងឧបរិភោគ បរិភោគ មកជូនដល់ជនងាយរងគ្រោះដល់ផ្ទះ ដើម្បីបម្រើការងារមនុស្សធម៏ដោយឥតរើសអើង ទោះបីនៅទីជិតក្តីឬនៅឆ្ងាយក្តី ។
លោក ប្រធានប្រតិបត្តិសាខាបានលើកទឹកចិត្តដល់គ្រួសារងាយរងគ្រោះនេះត្រូវខិតខំដាំដំណាំរួមផ្សំជាលក្ខណៈគ្រួសារ ហើយរស់នៅត្រូវថែទាំសុខភាពដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលគឺ (រស់នៅស្អាត ផឹកស្អាត ហូបស្អាត) ហើយបញ្ជូនកូនឱ្យទៅរៀន និងថែរក្សាឱ្យមានសុវត្ថិភាពក្នុងការរស់នៅ។
លោកស្រី តំពៅ អាយុ៤២ឆ្នាំភូមិដំរីផុងឃុំកោះសំពាយស្រុកសៀមបូក បានសម្តែងការដឹងគុណចំពោះថ្នាក់ដឹកនាំសាខាកាកបាទក្រហមខេត្ត សប្បុរសជនក្នុងខេត្តដែលបាននាំយកអំណោយជាស្បៀងអាហារនិងថវិកាមកជូនដល់ដៃនៅភូមិដំរីផុងឃុំកោះសំពាយនេះតែម្តង។
សូមបញ្ចាក់ថា៖អំណោយបានផ្តល់ជូនជនងាយរងគ្រោះនេះ មានថវិកា .៧០.ម៉ឺនរៀល រួមនិងគ្រឿងបរិភោគឧបភោគ មានអង្គរ -មី -ត្រីខ . ទឹកបរិសុទ្ធ – ទឹកត្រី- ទឹកស៊ីអ៊ីវ និងសម្ភារប្រើប្រាស់ ផ្សេងៗជាច្រើនទៀតផងដែរ៕ SAMNEANG