ពលរដ្ឋប្រមាណជិត២០០០នាក់ចូលរួមទស្សនាការផ្សាយបន្តផ្ទាល់ក្នុងព្រឹត្តិការណ៍កីឡាចម្រុះ SEA Games លើកទី៣២ នៃការប្រកួតក្រុមបាល់ទាត់ជម្រើសជាតិនៅខេត្តស្ទឹងត្រែង!


ស្ទឹងត្រែង៖សម្រាប់ការទស្សនានៃការផ្សាយបន្តផ្ទាល់ក្នុងព្រឹត្តិការណ៍កីឡាចម្រុះSEA Games លើកទី៣២ នៃការប្រកួតក្រុមបាល់ទាត់ជម្រើសជាតិ យុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា ជាមួយហ្វីលីពីន មានប្រជាពលរដ្ឋប្រមាណជិត២ពាន់នាក់ក្នុងខេត្តស្ទឹងត្រែង បានចូលរួមទស្សនាការផ្សាយផ្ទាល់នាព្រលប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅទីតាំងសួនច្បារមុខមន្ទីប្រៃសណីយ៏ និងសួនច្បាររង្វង់មូលមាត់ទន្លេសេកុង។
លោក ញ៉ែម វណ្ណាយ៉ុត នាយករដ្ឋបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថានៅរសៀលថ្ងៃទី០៣ខែឧសភា ឆ្នាំ២០២៣ ថា រដ្ឋបាលក្រុង ស្រុក ទាំង៦នៅទូទាំងខេត្តស្ទឹងត្រែងបានចាក់ស្លាយ ផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជា នៃការប្រកួតបាល់ទាត់ រវាងកម្ពុជា និងហ្វីលីពីន តាមកញ្ចក់ទូរទស្សន៍ខ្នាតធំ LED ផ្សាយផ្ទាល់ មានក្រុងស្ទឹងត្រែង ស្រុកសៀមបូក ស្រុកថាឡាបរិវ៉ាត់ ស្រុកសេសាន ស្រុកបុរីអូរស្វាយសែនជ័យ និងស្រុកសៀមប៉ាង។ លោកបញ្ជាក់ថាសម្រាប់ខេត្តស្ទឹងត្រែងមានប្រជាពលរដ្ឋមកទស្សនា ចំនួនប្រហែលជិត២ពាន់នាក់។
ជាមួយគ្នានេះ ប្រជាពលរដ្ឋខេត្តស្ទឹងត្រែងដែលបានមកទស្សនាដោយផ្ទាល់ តាមរយៈការដាក់បញ្ចាំងLEDការប្រកួតកីឡាស៊ីហ្គេម បានបង្ហាញអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង ខណៈដែលកម្ពុជាមានភាពរីកចម្រើនរ៉ុងរឿង រហូតបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាប្រវត្តិសាស្ត្រស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ ពួកគាត់បានសម្ដែងអារម្មណ៍សប្បាយត្រេកអរ ថែមទាំងថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលសម្ដេចបានលះបង់ ខិតខំដឹកនាំប្រទេសកម្ពុជាឲ្យមានសុខសន្តិភាព រីកចម្រើនឥតឈប់ឈរ រហូតធ្វើឲ្យកម្ពុជាប្រែមុខមាត់ថ្មីលើកឆាកអន្តរជាតិ បានធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ក្រោយខកខានជាង៦០ឆ្នាំ៕SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *