ស្ទឹងត្រែង៖ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃទី២៦មេសា២០២៣នេះបានដឹកនាំក្រុមការងារ ចុះពិនិត្យមើលទីតាំង ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ទីតាំងមុខសាលាខេត្ត និងវត្តស្រះកែវមុន្នីវណ្ណហៅវត្តលើនិងកន្លែងសំខាន់ៗមួយចំនួនទៀតដើម្បីត្រៀមទទួលក្បួនដង្ហែព្រះអគ្គិជ័យកីឡាដែលនឹងចូលមកដល់ទឹកដីខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃទី២៧ខែមេសាឆ្នាំ២០២៣នេះ។
សូមបញ្ជាក់ថាក្បួន ព្រះអគ្គិជ័យកីឡា នឹងដង្ហែចេញពីប្រទេសឡាវតាមច្រកទ្វារព្រំដែនអន្តរជាតិណងណុកឃៀនឡាវ ចូលមកប្រទេសកម្ពុជាតាមច្រកទ្វារត្រពាំងក្រៀល ខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃទី២៧មេសា។
ពិធីប្រគល់ និងទទួលព្រះអគ្គិជ័យកីឡានឹងធ្វើឡើងនៅច្រកព្រំដែន បន្ទាប់មកហែចូលទៅកាន់ទីរួមខេត្តស្ទឹងត្រែង ហើយនៅថ្ងៃទី២៨មេសា បន្តដង្ហែទៅកាន់ខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តកណ្តាលនៅថ្ងៃបន្ទាប់។
ព្រះអគ្គីជ័យកីឡាបានដង្ហែទៅកាន់បណ្តាប្រទេសនានាក្នុងតំបន់អាស៊ី-អាគ្នេយ៍រួចហើយ ហើយព្រះអគ្គជ័យកីឡា នឹងដង្ហែចូលមកដល់ប្រទេសកម្ពុជាវិញនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣នេះ។
នៅថ្ងៃទី២៩ ខែមេសា ព្រះអគ្គិជ័យកីឡា នឹងដង្ហែទៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ដោយផ្តើមពីខេត្តកំពង់ឆ្នាំង ហើយឆ្ពោះទៅខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។ ថ្ងៃទី០៥ ខែឧសភា ព្រះអគ្គិជ័យកីឡា ដង្ហែចេញពីខេត្តកំពង់ធំ ឆ្ពោះមករាជធានីភ្នំពេញ ចូលទៅកាន់ពហុកីឡដ្ឋានមរតកតេជោនៅវេលាម៉ោង៨យប់។
សូមបញ្ជាក់ថា ព្រះអគ្គីជ័យកីឡា ត្រូវបានដង្ហែចេញពីខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដោយដង្ហែឆ្ពោះទៅកាន់ប្រទេសវៀតណាម បន្ទាប់ពីប្រទេសវៀតណាម ក៏ត្រូវបានដង្ហែព្រះអគ្គីជ័យកីឡាទៅកាន់ប្រទេសដទៃទៀតជាបន្តបន្ទាប់៕ samneang