(ខេត្តរតនគិរី)៖ យោងតាមប្រភពច្បាស់ការ ក៏ដូចប្រជាពលរដ្ឋនៅឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី បានលួចផ្សឹប បណ្ដាញសារព័ត៌មានថា មេឈ្មួញឈើ ឈ្មោះ ហូវ ជីវ៉ៃ ធ្វើសកម្មភាពដឹកជញ្ជូនឈើ ចេញទៅ ប្រទេសវៀតណាម តាមច្រកទ្វារព្រំដែន ប៉ុស្តិ៍លេខ៥០៧ ទាំងថ្ងៃទាំងយប់។
ប្រភពបានឲ្យដឹងទៀត ថាមេឈ្មួញឈើ និងបក្សពួក បានដឹកជញ្ជូនឈើចេញ ពីព្រៃសមាគមន៍ភូមិចង និងភូមិចាយ ឃុំញ៉ាង ស្រុកអណ្ដូងមាស យ៉ាងសកម្ម មិនមានមន្រ្តីជំនាញ ឬសមត្ថកិច្ចណាទប់ស្កាត់នោះទេ។
លោកអភិបាលខេត្ត ញ៉ែម សំអឿន និងលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី ក៏ដូចជាលោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតនគិរី កំពុងរក្សាភាពស្ងៀមស្ងាត់ ខណៈដែលឈ្មួញឈ្មោះ ហូវ ជីវ៉ៃ និងបក្សពួក ប្រព្រឹត្តបទល្មើស ព្រៃឈើយ៉ាងពេញ បន្ទុក។
ប្រភពស្និទ្ធ និងមេឈ្មួញ ខាងលើ បានឲ្យដឹងថា ដំណើរការនៃ ដឹកជញ្ជូនឈើ គឺឆ្លងកាត់តាម ចម្ការកៅស៊ូឆ្ពោះ ទៅទម្លាក់នៅមាត់កំពង់ទឹកច្រកអូរសាថី ហើយខាងភាគីវៀតណាម គឺប៉ុស្តិ៍ហ្វាតាំ ហើយតំបន់នេះ គ្រប់គ្រងដោយសមត្ថកិច្ច នគរបាលវរការពារព្រំ ដែនលេខ ៥០៧ ។
ប្រភពបានឲ្យ ដឹងទៀតថា បើគ្មានការបើកដៃពី សំណាក់លោក ខេន សាវិន នាយប៉ុស្តិ៍នគរបាល ការពារព្រំដែនលេខ ៥០៧ អត្ថលេខ ៥៣៧១៦ ទេនោះគឺមេឈ្មួញឈើ និងបក្សពួក មិនអាច ដឹកជញ្ជូនឈើចេញទៅ ស្រុកវៀតណាមតាម អំពើចិត្តបានទេ។
ហេតុនេះហើយទើប មានការជំរុញពី គណ:ឯកភាពខេត្ត ពិនិត្យឡើងវិញខ្លះផង មិនត្រូវបណ្ដែត បណ្ដោយតទៅទៀតនោះទេ ពីការកាប់បំផ្លាញ ឈើ ក្នុង ព្រៃសហគមន៍ ភូមិចង និងភូមិចាយ ឃុំញ៉ាង ស្រុកអណ្ដូងមាស កំពុងប្រឈមនឹងសេចក្ដីវិនាស ព្រោះមេឈ្មួញ និងបក្សពួក បាន សម្រុកដឹក ជញ្ជូនឈើ ចេញទៅវៀតណាម យ៉ាងសកម្ម។
ពាក់ព័ន្ធជុំវិញខាងលើនេះ អង្គភាពសារព័ត៌មាន យើងមិនអាចសុំការបំភ្លឺ ពីលោកខេនសាវិន នាយប៉ុស្តិ៍នគរបាល ការបារព្រំដែនលេខ៥០៧ បានទេព្រោះគ្មានលេខទំនាក់ទំនង ទោះជាយ៉ាងណាអង្គភាព យើងខ្ញុំរងចាំ ការបកស្រាយបំភ្លឺពីលោកនាយ ប៉ុស្តិ៍នគរបាល ការពារព្រំដែនលេខ៥០៧ រាល់ម៉ោងធ្វើការ៕