(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញ ចែកសញ្ញាបត្រជាន់ខ្ពស់ បច្ចេកទេសជូននិស្សិត ចំនួន១៤៥នាក់ ដែលបានបញ្ចប់ការសិក្សា ដោយជោគជ័យចាប់ពីជំនាន់ទី១ ដល់ទី៧ នៃសាលាដុនបូស្កូ មានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ ពិធីនេះមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និង និសិ្សតសាលាបច្ចេក ទេសដុនបូស្កូខេត្ត កែបជាច្រើនរូប។
លោក សេន រ៉ា នាយកសាលាបច្ចេកទេសដុនបូស្កូ សាខាខេត្តកែប បានឱ្យ ដឹងថា សាលាដុនបូស្កូខេត្តកែប បានបណ្តុះបណ្តាល និស្សិតបញ្ចប់ការសិក្សាចំនួន ៧ជំនាន់រួចមកហើយ ដែលមាននិស្សិតសរុប ១០៣៤នាក់ស្រី ៤៣២នាក់ ហើយថ្ងៃនេះធ្វើការផ្តល់ជូន នូវសញ្ញាបត្រ១៤៥នាក់បន្ថែមទៀត លោកនាយកបន្តថា មកដល់បច្ចុប្បន្នសាលា មានគ្រូ និងបុគ្គលិកសរុប ៣៦នាក់ ស្រី១៥នាន់ និងសិស្ស និស្សិត កំពុងបន្តការសិក្សាតាមជំនាញផ្សេងៗ ចំនួន៤៦៧នាក់ ស្រី១៩៥នាក់។ សម្រាប់សិស្សដែលបានបញ្ចប់ពីសាលាដុនបូស្កូខេត្តកែប ៩៥% ពួកគេបានទៅបំរើ ការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន ហើយសិស្សមួយចំនួន បានបង្កើតអាជីវកម្ម ដោយខ្លួនឯងទៀតផង។
ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ អបអរសាទរ ចំពោះនិស្សិត១៤៥នាក់ដែលបានបញ្ចប់ការសិក្សាជំនាន់ទី០១ ដល់ទី៧ នៃសាលាបច្ចេក ទេសដុនបូស្កូ ដែលបានបញ្ចប់ដោយជោគជ័យ និងបានរៀបចំកម្មវិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានាពេលនេះ និងកោតសរសើដល់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូនៃសាលាដុនបូស្កូ ដែលបានខិតខំប្រឹងប្រែង កៀគមូលិនិធិ សាងសង់សំណង់ជាច្រើន សម្រប់បណ្តុះបណ្តាលដល់យុវជន សិស្ស និស្សិត ទាំងក្នុងខេត្ត និងក្រៅខេត្ត អោយមានការយល់ដឹងនូវជំនាញបច្ចេកទេស ដែលជាធនធានមនុស្ស ប្រកបដោយឧត្តមភាព សមត្ថភាព ជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិយើង ។
ក្នុងនោះដែរឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានណែនាំផ្តាំផ្ញើរ ដល់ប្អូនៗ សិស្ស និស្សិត និងលោក គ្រូអ្នកគ្រូ ត្រូវយកចំណេះដឹងជំនាញ ទៅប្រើប្រាស់ក្នុងការប្រកបមុខរបបចិញ្ចឹមជីវិត ប្រកបដោយសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីបង្កើនកម្រិតជីវភាពគ្រួសារ និង សង្គមជាតិ ។
ចំពោះប្អូនៗ ក្មួយៗដែលកំពុបន្តការសិក្សា ត្រូវខិតខំក្រេបជញ្ជក់ចំណេះដឹង បណ្តុះគំនិត ជាមួយនិងភាពក្លាហាន ក្តីសង្ឃឹម និងប្តេជ្ញាចិត្តក្នុងការសិក្សា គោរពវិន័យសាលាឱ្យបានល្អ និងខិតខំសិក្សាស្វែងយល់ដោយខ្លួនឯង ឱ្យបានច្បាស់នូវព័ត៌មានដែលបានផ្សព្វផ្សាយ អប់រំចិត្តគំនិត កុំអោយពុះកញ្ជ្រោល និងមានកំហឹងទៅតាមស្ថានភាពព័ត៌មានដែលគ្មានហេតុផលច្បាស់លាស់ ដែលនាំអោយខ្លួនយើងធ្លាក់ទៅក្នុងគ្រោះថ្នាក់ ដោយប្រការណាមួយ។
ក្នុងនោះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានឧបត្ថម្ភ អង្ករចំនួន ២តោន ដល់សាលា ដុនបូស្កូខេត្តកែប ដើម្បីដោះស្រាយ ការលំបាកជីវភាពសិស្សស្នាក់នៅក្នុងសាលាផងដែរ៕ ដោយលោក សេង ណារិទ្ធ