(ខេត្តកំពត)៖ ប្រជាពលរដ្ឋ និងម្ចាស់កន្លែងកម្សាន្តនៅ តំបន់រមណីយដ្ឋានទំនប់ម្លេច បានលើកឡើងថា ក្រោយពេលបើកប្រទេសឡើងវិញ កន្លែងសម្រាកកម្សាន្ត ជាច្រើននៅតំបន់ រមណីយដ្ឋានទំនប់ម្លេច ត្រូវបានកែលម្អ និងបង្កើត បន្ថែមថ្មី ប្លែកៗ ហើយរៀងរាល់ថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យទាន មានភ្ញៀវមកលេងច្រើនជាងមុន។
ម្ចាស់កន្លែងសម្រាកលម្ហែ “ បេះដូងម្លេច” បានប្រាប់ឲ្យដឹងថា បេះដូងម្លេចមិនទាន់ស្ថាបនារួចរាល់ទាំងស្រុងនៅឡើយទេ ប៉ុន្តែបានបើកទទួលភ្ញៀវទេសចរជាបណ្តើរៗ រយៈពេលជាងមួយខែហើយ ។ បេះដូងម្លេច មានសេវាស្នាក់នៅ អាហារដ្ឋាន ខ្ចុះអង្គុយមាត់ទឹក និងស្ពានថតរូបអនុស្សាវរីយ៍ជាដើម។
ចំណែកអ្នកគ្រប់គ្រង់ រមណីយដ្ឋានធម្មជាតិម្លេច ដែលជាទីកន្លែងសម្រាកកម្សាន្តបង្កើតដំបូងគេ និងមានឈ្មោះល្បីជាងគេនៅក្នុងតំបន់នោះ បានប្រាប់ឲ្យដឹងដែរថា ក្រោយពេលបើកប្រទេសឡើងវិញសន្ទុះភ្ញៀវទេសចរ មកសម្រាកកម្សាន្ត នៅតំបន់រមណីយដ្ឋាន ទំនប់ម្លេចច្រើនជាងមុន ព្រោះកន្លែងទើបបង្កើត និងកែលម្អថ្មីដ៏ទាក់ទាញមានច្រើន ចំណែកតម្លៃសេវាកម្មក៏សមរម្យ ភ្ញៀវអាចទទួលយកបាន។
ប្រជាពលរដ្ឋលក់ទឹកអំពៅ លើខ្នងទំនប់ទឹកបឹងម្លេច បានឲ្យដឹងដែរថា បច្ចុប្បន្នតំបន់រមណីយដ្ឋានទំនប់ម្លេច មានកន្លែងដើរលេងច្រើនសំបូរបែប។ ហើយថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យទានភ្ញៀវជាតិ និងអន្តរជាតិមកច្រើន ជួយជំរុញដល់ជីវភាព ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានបញ្ជាក់ថា តំបន់រមណីយដ្ឋានទំនប់ម្លេច បានក្លាយទៅជាគោល ដៅទេសចរណ៍ដ៏ទាក់ទាញ ថ្មីមួយរបស់ខេត្តកំពត ក្រោយពេលបើកប្រទេសឡើងវិញ ហើយទៅថ្ងៃមុខ តំបន់នេះនឹងក្លាយជាបណ្តុំតំបន់ទេសចរណ៍ធម្មជាតិដ៏ប្រណិតមួយ សម្រាប់ទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ដោយសារភូមិសាស្ត្រតំបន់ទំនប់ ម្លេចមានសក្តានុពល ទេសចរណ៍ធម្មជាតិ ដែលមិនមានកន្លែងផ្សេងដូច៕ ដោយលោក សេង ណារិទ្ធ