(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកែប បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាពបិទកិច្ចប្រជុំរបស់ ឯកឧត្ដម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងតំណាងមកពី រោងចក្រ សិប្បកម្ម សេវាកម្មទូទាំងខេត្តកែប។
លោក ប៊ុន យោង ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកែប បានឱ្យដឹងថា កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ជាកិច្ចការដែលគ្រប់ស្ថាប័ន អង្គភាព ត្រូវរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីពិនិត្យ វាយតម្លៃវឌ្ឍនភាពការងារ និងសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២២ នេះ ដើម្បីរកដំណោះស្រាយ ចំពោះបញ្ហាប្រឈមនានា និងលើកទិសដៅការងារ សម្រាប់អនុវត្តនៅឆ្នាំ២០២៣ជាបន្ត។
លោកប្រធានមន្ទីរ បានបន្ថែមថា សម្រាប់ មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកែប បានគ្រប់គ្រង និងផ្គត់ផ្គងលើស្ថានីយ៍ ទឹកស្អាតក្នុងភូមិសាស្រ្តខេត្តកែប ដែលមានប្រកាស អនុញ្ញាតពីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានិវត្តន៍ សរុបចំនួន ២ទីតាំង នៅក្រុងកែប និងស្រុកដំណាក់ចង្អើរ បានដាក់ជញ្ជីងគំរូចំនួន ០៧គ្រឿង នៅទីតាំងផ្សារក្ដាម ផ្សារកែប ផ្សារដំណាក់ចង្អើរ ចំពោះការគ្រប់គ្រង រោងចក្រ សហគ្រាស និងសិប្បកម្មសរុបមានចំនួន ៥៧១ទីតាំង មានច្បាប់ចំនួន ២៧៩ទីតាំង និងអត់ច្បាប់ចំនួន ២៩២ទីតាំង សម្រាប់ការផលិតអំបិល ប្រចាំឆ្នាំ២០២២ បានចំនួន ២,៨២០តោន ស្មើនឹង ៥៦,៤០០បាវ ក្នុងនោះដែរ ផ្ទៃដីស្រែអំបិលសរុបរួមទូទាំងខេត្តនៅសល់ចំនួន ៥៥៩ហិកតា សម្រាប់ចំណូលប្រចាំ២០២២ សរុប ២,៣៣៧,៩៨៤,១៥០៛ និងប្រើប្រាស់កំលាំង ពលកម្មចំនួន ២៥៣នាក់។
ឯកឧត្ដម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងកោតសរសើរ ចំពោះការខិតខំបំពេញ ភារកិច្ចរបស់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីទាំងអស់ ទទួលបានលទ្ធផលល្ អប្រសើរគួជាទីមោទនៈ។ ឯឧត្តមបានបន្ដថា៖ វិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើរតួរយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍខឿនសេដ្ឋកិច្ច និងការក៏សាងសង្កមជាតិ ដែលនាំមកនូវភាពសម្បូរសប្បាយរុងរឿងជូនប្រជាពលរដ្ឋ តាមរយៈការចាប់ផ្ដើមពីការផលិតដោយសហគ្រាសខ្នាតតូច និងមធ្យម ដែលអាចផ្ដល់នូវផលិតភាពខ្ពស់ ប្រកបដោយគុណភាព សុវត្ថិភាព និរន្ដរភាព និងតម្លៃសមរម្យ ដែលនាំមកនូវកំណើនថវិការជាតិ ព្រមទាំងបង្កើនចំណូលជីវភាពខ្ពស់សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដែលធានាបាននូវការ សម្រាច់ជោគជ័យ តាមផែនការយុទ្ធសាស្រ្ដជាតិនាឆ្នំា២០៣០ និងឆ្នំា២០៥០។
ឯឧត្តមបានបញ្ជាក់ថា៖ សមិទ្ធផលសម្រេចបានខាងលើនេះ រាជរដ្ឋាភិបាលក្រោមការ ដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានខិតខំកសាងនៅសន្តិភាព សន្តិសុខ ស្ថេរភាព សុវត្ថិភាព និងវឌ្ឍនភាពសង្គម បន្តអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ពិសេសគឺដាក់ចេញនូវអភិក្រមទាំង៥ ធ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ឯកឧត្តមបានស្នើ សុំអោយមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានិវត្តន៍ អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ព្រមទាំងវិស័យឯកជន ដោយត្រូវរួមសហការគ្នា អនុវត្តអោយបានសម្រេចនូវភារកិច្ចសំខាន់ៗ អោយកាន់តែមានប្រសិទ្ធភាពខ្ពស់៕ ដោយលោក សេង ណារិទ្ធ