(ខេត្តបន្ទាយមានជ័យ)៖ ព្រះរាជាណាចក្រកម្ពុជា និងខេត្តវិញឡុង សាធារណរដ្ឋសង្គមនិយមវៀតណាម បានអះអាងពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទំនាក់ទំនង ជាពិសេសវិស័យសេដ្ឋកិច្ច រវាងប្រទេសទាំងពីរឲ្យកាន់ តែរីកចម្រើនបន្ថែមទៀត។
ក្នុងដំណើរទស្សនកិច្ច និងអញ្ជើញចូលរួម កិច្ចប្រជុំពិភាក្សាស្តីពី ការពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ការងារលើគ្រប់វិស័យ នៅប្រទេសវៀតណាមកាលពីថ្ងៃទី២០ មករា ឆ្នាំ២០២៣ កន្លងទៅនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានជម្រាបជូនឯកឧត្តម លឺ ក្វាងងឺយ ប្រធានគណៈកម្មាធិការប្រជាជនខេត្តវិញឡុងថា នេះជាមោទនភាពមួយដែលប្រទេសទាំងពីរ បានទើបងើបចេញផុតពីវិបត្តិសាកលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ឈានទៅបើកប្រទេស និងបើកព្រំដែនពេញលេញឡើងវិញដើម្បីស្តារសេដ្ឋកិច្ច ដែលជាលទ្ធផលដ៏ល្អប្រសើរទាំងនេះគឺបានដោយសារនយោបាយគ្រប់គ្រងជំងឺកូវីដ១៩ របស់រដ្ឋាភិបាលប្រទេសទាំងពីរ មានប្រសិទ្ធភាពខ្ពស់ និងការចាក់វ៉ាក់សាំងបង្ការជំងឺនេះ ដល់ប្រជាពលរដ្ឋសម្រេចបានតាមផែនការ។
ជាកិច្ចឆ្លើយតប ឯកឧត្តម លឺ ក្វាងងឺយ បានថ្លែងអំណរគុណ អភិបាលខេត្ត បន្ទាយមាន ជ័យ ដែលដឹកនាំគណៈប្រតិភូ មកទស្សនាកិច្ចប្រជុំពិភាក្សា ការងារដោយផ្ទាល់។
ឯកឧត្តមបានបន្តថា ខេត្តនៅតំបន់ទំនាប ទន្លេមេគង្គមួយនេះ មានប្រជាជនជាង ៨៥ម៉ឺននាក់។ ក្នុងនោះជនជាតិដើមខ្មែរជាង ២ម៉ឺន ២ពាន់នាក់។ ភាគីវៀតណាមបាន លើកឡើងបន្តថា ដោយមានបង្អែកសេដ្ឋកិច្ច លើវិស័យកសិកម្ម ឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម និងសេវាកម្មជាដើម ដែលផលិតផលសរុបក្នុង ស្រុកបានស្មើនឹងប្រមាណ ៧៥០លានដុល្លារអាម៉េរិក។
ក្នុងនោះក៏ជំរុញ និងពង្រឹងនូវការលើក កម្ពស់សុខុមាលភាព ជីវភាពប្រជាជន រួមទាំងបងប្អូនខ្មែរជនជាតិដើម និងព្រះសង្ឃផងដែរ។
តាមរយៈជំនួបការងារនាពេល នេះភាគីប្រទេសទាំង ពីរបានប្តេជ្ញាថា នឹងបន្តពូនជ្រំចំណងមិត្តភាព ភាតរភាពសាមគ្គីភាព កិច្ចសហប្រតិបត្តិការ រវាងខេត្តទាំងពីរ ដូចដែលមានចែង ក្នុងស្មារតីខ្លឹមសារនៃ អនុស្សរណៈយោគយល់គ្នា ដែលបានចុះហត្ថលេខាលើកទី១ កាលពីខែមេសា ឆ្នាំ២០១២ និងលើកទី២ កាលខែតុលា ឆ្នាំ២០១៧ កន្លងមក ហើយគ្រោងបន្ត ៥ឆ្នាំទៀត៕