មន្ត្រីជំនាញស្រុកឈូកអំពាវនាវ ឲ្យកសិករជឿទុកចិត្ត ការដឹកនាំរបស់រាជរដ្ឋាភិបាល លើវិស័យកសិកម្ម

(ខេត្តកំពត)៖ មន្ត្រីកសិកម្មស្រុកឈូកបានបញ្ជាក់ថា នៅក្នុងគោលនយោបាយ អាទិភាព៦ចំណុចរបស់រាជរដ្ឋាភិបាល មាន២ចំណុចផ្តោត លើវិស័យកសិកម្ម ក្នុងបំណង់ដើម្បី ប្រែក្លាយវិស័យនេះប្រកបដោយ ផលិតភាព ទំនើបភាព និងភាពប្រកួតប្រជែង។ ជាក់ស្តែងកសិកម្ម ស្រុកឈូកកំពុងរីក ចម្រើនជាលំដាប់ ហើយទោះជាមានបញ្ហាបិទព្រំដែន ក៏មិនប៉ះពាល់ការផលិត និងទីផ្សារដែរ។ លោកអំពាវនាវដល់ កសិករឲ្យជឿទុកចិត្តលើការ ដឹកនាំរបស់រាជរដ្ឋាភិបាល ហើយប្រឹងបង្កើតការផលិត។

អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកឈូក ខេត្តកំពត លោកព្រំ ប៊ុនធឿន បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ថា បច្ចុប្បន្នវិស័យកសិកម្មស្រុកឈូក កំពុងមានភាពរីកចម្រើនឡើងជាលំដាប់ បន្ទាប់ពីគោលនយោបាយ អាទិភាពលើវិស័យកសិកម្ម នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា ត្រូវបានដាក់ចុះឲ្យអនុវត្ត។

មន្ត្រីការិយាល័យកសិកម្មរូបនោះ បានបញ្ជាក់ដែរថា បើទោះជាបច្ចុប្បន្នកម្ពុជា កំពុងតែមានបញ្ហាបិទច្រកព្រំដែនជាមួយប្រទេសថៃក៏ពិតមែន ប៉ុន្តែមិនប៉ះពាល់ដល់ការផលិត និងទីផ្សារកសិកម្មនោះទេ។ លោកបានអំពាវនាវដល់កសិករឲ្យខិតខំបន្តដាំដុះ និងចីញ្ចឹមសត្វឲ្យបាន កាន់តែច្រើនបន្ថែមទៀត ដើម្បីបំពេញត្រូវការក្នុងស្រុក និងឈានដល់ការនាំចេញ ពិសេសត្រូវជឿជាក់លើ ការដឹកនាំរបស់រាជរដ្ឋាភិបាល។

គួររម្លឹកថាគោល នយោបាយអាទិភាព៦ចំណុច ដែលមាន២ចំណុចផ្តោត លើការងារកសិកម្មនោះគឺ ទី៥៖ ប្រជាកសិករនឹងទទួល បាននូវការគាំពារតាមរយៈ ការដាក់ចេញនូវយន្ត ការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន  (ការផ្ដល់ប្រាក់កម្ចី ដើម្បីប្រកបមុខរបរកសិកម្ម) ជាពិសេស គឺទទួលបាននូវការការពារ តម្លៃកសិផលឱ្យបានសមរម្យ ដោយមិនឱ្យ កសិករខាតបង់ឡើយ។ ទី៦៖ រាជរដ្ឋាភិបាលនឹង បញ្ជូនមន្ត្រីបច្ចេកទេស កសិកម្មទៅជួយកសិករនៅ គ្រប់ឃុំ-សង្កាត់ដែល មានពលរដ្ឋប្រកបរបរកសិកម្ម និងបង្កើតសហគមន៍ កសិករនៅទូទាំងប្រទេស ដើម្បីការពារផល ប្រយោជន៍របស់កសិករ៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *