(ប្រទេសថៃ)៖ ជនជាតិថៃចំនួន ៣ នាក់ រួមជាមួយនឹងជនជាតិខ្មែរម្នាក់ ដែលជាអ្នកនាំ ផ្លូវឆ្លងអូរចូលទឹកដីថៃ ត្រូវបានយោធាថៃ ធ្វើការឃាត់ខ្លួន នៅក្បែរមាត់អូរតែម្ដង ខណៈដែលពួកគេទាំង ៤ នាក់ កំពុងជិះទូកឆ្លងអូរ ចេញពីកម្ពុជាចូលទឹកដីថៃ ខណៈពេលនេះទឹកអូរ កំពុងជន់ជោរខ្លាំង។
ការឃាត់ខ្លួននេះបានធ្វើឡើង កាលពីវេលាម៉ោង ២ រសៀល ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៥ នៅត្រង់ចំណុច ភូមិគោកស្បែង ឃុំថាខាម ស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ដែលនៅត្រង់ចំណុច នោះប្រឈមជាមួយ ភូមិគីឡូម៉ែត ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជាចំណុចឈរជើងដោយ កម្លាំងវីរៈសេនាតូច នគរបាលការពារ ព្រំដែនគោក លេខ ៨៩១ គ្រប់គ្រងដោយលោក វីរៈសេនីយ៍ត្រីសុខ រដ្ឋា ជានាយប៉ុស្តិ៍ គោស្បែង។
នៅក្នុងចំណោមជនជាតិ ថៃពីរនាក់បានសារភាពថា ពួកគេគឺធ្វើការជា admin ជាមួយនឹងវេបសាយ ៨៨៨ នៅក្នុងក្រុងប៉ោយប៉ែត តើទទួលបានប្រាក់ខែចាប់ពី ១៨.០០០ ដល់ ២០.០០០ បាត ដោយនៅពេលនេះ សុខចិត្តចំណាយក្នុងម្នាក់ ៥.០០០ បាត ដើម្បីឲ្យជនជាតិខ្មែរឈ្មោះ ឈឿង នុត ដែលជាអ្នករស់នៅក្នុងតំបន់នោះ ដើម្បីជូនពួកគេឆ្លងដែន ត្រឡប់ចូលប្រទេសថៃវិញ។
ដោយឡែកស្ត្រីជនជាតិ ថៃម្នាក់ទៀតបានអះអាងថា ខ្លួនគ្រាន់តែឆ្លងមកលេង ស្វាមីដែលធ្វើការសំណង់ នៅក្នុងក្រុងប៉ោយប៉ែត ជាជនជាតិហ្វីលីពីន ហើយពេលនេះក៏ឆ្លងដែន ត្រឡប់ចូលប្រទេសថៃវិញ ដោយខ្លួនមិនមាន ប្រាក់កាសច្រើនទេទើប សុខចិត្តឱ្យទៅ ជនជាតិខ្មែរខាងលើចំនួន ៥០ បាត ដើម្បីឆ្លងអូរទៅជា មួយតែក៏ត្រូវទាហាន ថៃឃាត់ខ្លួនតែម្ដង។
បច្ចុប្បន្នជនជាតិ ខ្មែរមួយរូបនិងជនជាតិថៃ ៣ រូប ត្រូវបានទាហានថៃបញ្ជូន ទៅឲ្យកម្លាំងជំនាញដើម្បីធ្វើ ការសាកសួរនិង អនុវត្តតាមផ្លូវច្បាប់ ៕