ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ទទួលជួបលោកជំទាវ Manuela V. Ferro, អនុប្រធាន ធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ី ខាងកើតនិងប៉ាស៊ីហ្វិក

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អនុញ្ញាតឱ្យលោកជំទាវ Manuela V. Ferro អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិក (World Bank’s Regional Vice President for East Asia and Pacific) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលលោកស្រីបំពេញទស្សនកិច្ចនៅកម្ពុជា ។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្តែងការស្វាគមន៍ យ៉ាងកក់ក្តៅចំពោះ លោកជំទាវ Manuela V. Ferro អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ី ខាងកើតនិងប៉ាស៊ីហ្វិក និងបានគូសរំលេច ពីកិច្ចសហប្រតិបត្តិការ និងសមិទ្ធផលការងារដែលរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោកសម្រេចបានក្នុងរយៈពេល៣០ឆ្នាំកន្លងមក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានវាយតម្លៃខ្ពស់ លើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូររវាង រាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក ក្នុងការរៀបចំក្របខ័ណ្ឌភាព ជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា (Country Partnership Framework) និងជាពិសេសឯកសារ «របាយការណ៍ចក្ខុ វិស័យកម្ពុជាឆ្នាំ២០៥០» ដែលនឹងប្រមូលផ្តុំនូវធាតុ ចូលសំខាន់សម្រាប់ រៀបចំឯកសារចក្ខុវិស័យ ២០៥០ របស់កម្ពុជាខ្លួនឯង ដែលជាការកសាងជាតិ (Nation building) និងការកសាងរដ្ឋ (State building) របស់កម្ពុជាសម្រាប់រយៈពេលវែង។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម វង្សី វិស្សុត និងលោកជំទាវ Manuela V. Ferro បានពិភាក្សា និងផ្លាស់ប្តូរមតិលើប្រធាន បទសំខាន់ៗមួយចំនួនដូចជា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាង រាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោកទៅថ្ងៃមុខ, ការកែទម្រង់រចនាសម្ព័ន្ធ, ការកែលម្អបរិយាកាសធុរកិច្ច, ការកសាងមូលធនមនុស្ស, ការពង្រឹងអភិបាលកិច្ច, ការបង្កើនផលិតភាព, និងការជំរុញសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងតំបន់ ព្រមទាំងការធ្វើសមាហរណកម្មជាដើម។

ភាគីទាំងពីរបានពិភាក្សា ស៊ីជម្រៅអំពីភាពចាំបាច់នៃ ការអភិវឌ្ឍមូលធនមនុស្ស និងការកែលម្អ អភិបាលកិច្ចដើម្បីសម្រេច ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ទោះបីនៅក្នុងបរិការណ៍លំបាក និងស្មុគស្មាញយ៉ាងណាក៏ដោយ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចអំពីឆន្ទៈ ដ៏ម៉ឺងម៉ាត់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងការខិតខំប្រឹងប្រែង អភិវឌ្ឍលើគ្រប់វិស័យ ពិសេសការលើក កម្ពស់គុណភាពអប់រំ ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចជាតិក្នុងរយៈពេលវែង ប្រកបដោយភាពប្រកួតប្រជែង និងភាពធន់។

មុននឹងបញ្ចប់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមជាមួយ ស្មារតីបុរេសកម្មរបស់លោកជំទាវ ដែលបានរួមចំណែក ដល់ការអភិវឌ្ឍប្រទេសកម្ពុជា និងបានជូនពរ លោកជំទាវជោគជ័យ ក្នុងបេសកកម្មថ្មីបន្ថែមទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *