រដ្ឋបាលខេត្តកំពង់ធំរៀបចំពិធី ខួបលើកទី៨ នៃការដាក់បញ្ចូល តំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៥)

(ខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: អញ្ជើញចូលរួមក្នុងពិធីរៀបចំពិធី «អបអរសាទរ ខួបលើកទី៨ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៥) » នៅក្នុងបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អតីតរាជធានីឦសានបុរៈប្រាសាទសំបូរព្រៃគុក ស្ថិតនៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥។

ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា តំបន់ប្រាសាទសំបូរព្រៃគុក គឺជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា និងមានឈ្មោះដើមថា «ឦសានបុរៈ» សព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី៨ ក្នុងរជ្ជកាលស្តេចឥសានវរ្ម័ន ដោយបែងចែកជាបីក្រុមសំខាន់ៗ រួមមាន៖ ទី១. ក្រុមប្រាសាទសំបូរ(ខាងជើង) ទី២. ក្រុមប្រាសាទកណ្តាល(ប្រាសាទតោ) និងទី៣. ក្រុមប្រាសាទខាងត្បូង (ប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ) ។

ឯកឧត្តម ហាប់ ទូច មានប្រសាសន៍លើកឡើងថា តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។ ហើយការដាក់បញ្ចូលប្រាសាទ ដ៏ចំណាស់របស់កម្ពុជា មួយនេះ ចូលជាសម្បត្តិ  បេតិកភណ្ឌពិភពលោក បានសម្រេច មិនមែនជារឿងសាមញ្ញ និងងាយស្រួលនោះឡើយ។ ក្រោមការសម្រេច និងណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាប់ផ្តើមរៀបចំឯកសារ ដើម្បីស្នើសុំដាក់តំបន់ប្រាសាទសំបូរព្រៃគុក ជាបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០១២។

ឯកឧត្តម រដ្ឋលេខាធិការបន្ថែមទៀតថា ការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាជោគជ័យមួយធំធេង សម្រាប់បេសកកម្ម ការពារប្រាសាទបុរាណ និងជាការលើកតម្កើងសម្បត្តិវប្បធម៌របស់ខ្មែរ ដែលបន្សល់ទុកដោយបុព្វបុរស។ ក្នុងបុព្វហេតុលើកតម្កើង នូវតម្លៃមរតកវប្បធម៌ជាតិ ក៏ដូចជាការការពារអធិបតេយ្យភាព ជាតិឱ្យបានគង់វង្ស ដូចសព្វថ្ងៃនេះបាន គឺយើងមិនអាចខ្វះបានឡើយនូវសុខសន្តិភាព ស្ថិរភាពនយោបាយ។

សូមជម្រាបផងដែរថា តំបន់ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅភូមិសំបូរ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចម្ងាយប្រហែល ២៨គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *