(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សរសេរលើបណ្តាញសង្គមការងារផ្លូវការ នារសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះថា «ព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥ នេះ អជ្ញាធរមានសមត្ថកិច្ច របស់កម្ពុជាបានទទួល លិខិតពីភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឱ្យ រថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ខ្ញុំសូមផ្ញើសារបញ្ជាក់ទៅ ប្រជាពលរដ្ឋទាំងពីរប្រទេស យ៉ាងដូច្នេះថា ÷
១. កម្ពុជាយល់ច្បាស់អំពីការ លំបាករបស់ប្រជាពលរដ្ឋ ទាំងខាងកម្ពុជា ទាំងខាងថៃដែលរងផល ប៉ះពាល់ពីការបិទច្រកព្រំដែន។ ហេតុដូច្នេះហើយ បានជាកម្ពុជាមិនបានប្រើប្រាស់ វិធានការបិទច្រកព្រំដែននេះមុនទេ ចាប់តាំងពីមានបញ្ហា នៅតំបន់មុំបីកាលពីចុងខែឧសភា ឆ្មាំ២០២៥ ព្រោះយើងមិនមានបំណង បង្កបញ្ហាដែលនាំឲ្យ ប៉ះពាល់ដល់ការធ្វើដំណើរ ឬការធ្វើពាណិជ្ជកម្មរបស់ ប្រជាជនថៃនិងខ្មែរតាមព្រំដែនទេ។
២. កម្ពុជាមិនមែនជា អ្នកចាប់ផ្តើមធ្វើការបិទ-បើក ច្រកព្រំដែនជាឯកតោភាគីនោះទេ។ កងទ័ពថៃបានចាប់ផ្តើម ធ្វើការបិទច្រកព្រំដែន កែសម្រួលម៉ោងបិទ-បើក និងកំណត់លក្ខណ្ឌ កម្រិតការធ្វើដំណើរចេញ-ចូលរបស់ប្រជា ពលរដ្ឋជាឯកតោភាគី ចាប់តាំងពីថ្ងៃទី ៧ មិថុនា ២០២៥។ មិនតែប៉ុណ្ណោះ កងទ័ពថៃបានបន្តធ្វើការ កែប្រែម៉ោងបិទ-បើកជាឯកតោភាគាគី នៅតាមបណ្តាច្រក ព្រំដែនមួយចំនួនរហូតដល់ថ្ងៃ ២៤ មិថុនា ឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាល ថៃបានប្រកាសបិទច្រក ទាំងអស់ក្រោមហេតុផល នៃបញ្ហាអសន្តិសុខ។
៣. ភាពមិនច្បាស់លាស់ និងការប្រែក្រឡាស់ភ្លាមៗ មិនពិតប្រាកដ នៃជំហរនយោបាយ របស់រាជរដ្ឋាភិបាលថៃ រួមជាមួយភាពមិន ស៊ីសង្វាក់គ្នារវាងគោលការណ៍ ដែលថ្នាក់ដឹកនាំនយោបាយ ថៃបានដាក់ចេញ និងការអនុវត្តជាក់ស្ដែងនៅ លើដីដោយកងទ័ពថៃ បានបង្កជាឧបសគ្គ សម្រាប់ការស្វែងរកដំណោះ ស្រាយណាមួយដែលមាន ភាពច្បាស់លាស់ ពិតប្រាកដនិងយូរអង្វែង។
៤. ខ្ញុំបានបញ្ជាក់ជាច្រើនដងរួចមកហើយថា ដំណោះស្រាយពាក់ព័ន្ធ ជាមួយនឹងការបិទព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាភាគីថៃដែល បានចាប់ផ្ដើមដាក់វិធានការ បិទច្រកព្រំដែនជាឯកតោភាគី ពីថ្ងៃទី ៧ មិថុនាកន្លងទៅនេះ បើកព្រំដែនដូចស្ថាន ភាពដើមជាឯកតោភាគីវិញនោះ និងផ្ដល់ការធានា ច្បាស់លាស់ថា នឹងមិនមានការ បិទ-បើកជាឯកតាគីទៀតនោះ គឺជាការស្រេច។ កម្ពុជានឹងបើកច្រកព្រំដែន ខាងកម្ពុជាយ៉ាងយូរ ៥ម៉ោងក្រោយពីនោះ។ និយាយឱ្យខ្លី គឺកូនសោរគឺស្ថិតនៅក្នុង ដៃរបស់ភាគីថៃហើយ។
ហេតុដូច្នេះ ចំពោះអាជ្ញាធរថៃ ក៏ដូចជាប្រជាជនថៃ ដែលមានបំណងចង់អោយមានការបើក ច្រកព្រំដែនកម្ពុជា-ថៃ ឡើងវិញនោះ មិនចាំបាច់ស្នើមកកម្ពុជានោះទេ។ សូមស្នើទៅអ្នកដែលមាន អំណាចពិតប្រាកដនៅ ប្រទេសថៃ (មិនថាជាកងទ័ពឬអ្នកណានោះទេ) ឱ្យបើកច្រកព្រំដែនឲ្យមាន ស្ថានភាពប្រក្រតីឡើងវិញដូចមុនថ្ងៃទី ៧ មិថុនា ឆ្នាំ២០២៥ និងផ្ដល់ការធានា ច្បាស់លាស់ថា នឹងមិនមានការបិទ-បើក ជាឯកតាគីទៀតនោះ គឺជាការស្រេច។ អ្វីៗនឹងត្រឡប់ទៅដំណើរ ការជាប្រក្រតីដូចមុនវិញហើយ»។