(ខេត្តព្រៃវែង)៖ ពីវេទិកាធិបតី នៃពិធីប្រកាសសមាស ភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបាភ្នំ ខេត្តព្រៃវែង នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានរំលេចអំពីវីរភាពសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងភាពអង់អាច ប្រតិភានរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងក្នុងកាលៈទេសៈ នៃការប្រឈមមុខត ទល់អំពើឈ្លានពានបង្ក ឡើងដោយភាគីថៃ តាមខ្សែបន្ទាត់ព្រំដែន។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍ថា សម្ដេចតេជោ មិនត្រឹមតែជាអគ្គុមគ្គុទេស នយោបាយដឹកនាំរបស់ កម្ពុជាប៉ុណ្ណោះទេ សម្ដេចតេជោ ក៏ជាឥស្សរជនកំពូលរបស់ខ្មែរ ដែលត្រូវបានទទួលស្គាល់ទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ពិសេសការអនុវត្តនយោបាយឈ្នះឈ្នះ ការរក្សាសន្តិភាពនិងអភិវឌ្ឍន៍ជាតិ ព្រមទាំងការនាំវិបុល ភាពសម្រាប់តំបន់ និងភាពសុខដុមរបស់ពិភពលោក។
ក្នុងក្របខ័ណ្ឌអាស៊ាន ឯកឧត្តមអភិសន្តិបណ្ឌិត បានរំលេចនូវខ្លឹមសារជំនួប ជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត ប្រទេសទីម័រឡេស្តេ កាលពីពេលថ្មីៗនេះ ដោយឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត ថា ថ្វីដ្បិតកម្ពុជា មិនមែនជាប្រទេសស្ថាបនិក បង្កើតអាស៊ានដំបូងគេ ប៉ុន្តែប្រទេសកម្ពុជា មានសម្ដេចតេជោ ជាឥស្សរជនឆ្នើមកំពូលមួយនៅអាស៊ាន ដែលទីម័រ ចាត់ទុកជាបិតាអាស៊ានម្នាក់ និងជាគុណូបការជនមួយរូប ដែលបានជួយជ្រោមជ្រែងទីម័រ ឈានទៅក្លាយជាសមាជិកទី១១ របស់អាស៊ាន។
បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទីម័រ ក៏បានបង្ហើបអំពីផែនការ មួយរបស់ជាតិ គឺបន្ទាប់ពីក្លាយជា សមាជិកអាស៊ាន ទីម័រ នឹងបង្កើតតំបន់សេដ្ឋកិច្ច ពិសេសជាលើកដំបូងនៅ ក្នុងប្រទេសរបស់ខ្លួន ដោយយកលំនាំតាមបទ ពិសោធន៍ពីប្រទេសកម្ពុជា ហើយកាន់តែពិសេសទៀតនោះ រដ្ឋាភិបាលទីម័ របានសម្រេចរួចរាល់ហើយ ដាក់ឈ្មោះតំបន់សេដ្ឋកិច្ច ពិសេសដំបូងគេនោះ ភ្ជាប់និងនាមសម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន។
ដោយឡែកក្នុងកាលៈទេសៈ ដែលមានការប្រឈមមុខ តទល់ជាមួយអំពើឈ្លានពាន បង្កហេតុឥតឈប់ឈររបស់ថៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ទៅកាន់អង្គពិធីថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងដឹកនាំជាតិ ប្រកបដោយប្រតិភាពឈ្លាសវៃ និងដាក់ចេញយុទ្ធសាស្ត្រប្រកប ដោយភាពម៉ឺងម៉ាត់បំផុត ដើម្បីការពារឧត្តម ប្រយោជន៍ជាតិ ការពារកិត្តិយសជាតិ និងប្រជាជន ជាពិសេសការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ដោយប្រើទាំង នយោបាយការទូត ទ្វេរភាគី យន្តការអន្តរជាតិ និងការប្រុងជើងការណ៍ ប្រកបដោយភាពអង់អាច នៃកងកម្លាំងការពារខ្សែបន្ទាត់ព្រំដែន ទាំងកម្លាំងកងយោធពល ខេមរភូមិន្ទ និងកម្លាំង នគរបាលការពារព្រំដែន។
ភ្ជាប់នឹងការគូសរំលេច អំពីវីរភាពសម្ដេចតេជោ និងការដឹកនាំរាជរដ្ឋា ភិបាលរបស់សម្ដេច មហាបវរធិបតី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តសង្កត់ ធ្ងន់អំពីភាពចាំបាច់នៃ ការយកចិត្តទុកដាក់របស់ ក្រុមការងាររាជរដ្ឋាភិបាល របស់រដ្ឋបាល និងមន្ត្រីគ្រប់ថ្នាក់ ចំណុះស្រុកបាភ្នំ ជាពិសេសកិច្ចការពារសន្តិភាព ធានាសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ធានាប្រក្រតីភាព និងគុណភាពនៃសេវាសាធារណៈ ដើរទន្ទឹមគ្នានឹងការអភិវឌ្ឍមូលដ្ឋាន ទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងជាពិសេសការ អភិវឌ្ឍធនធានមនុស្ស តាមគ្រប់មធ្យោបាយ និងគ្រប់កម្រិត ភ្ជាប់នឹងការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល។
បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គ្រប់ផែនការសកម្មភាព របស់រដ្ឋបាលស្រុកបាភ្នំក្ដី អង្គភាពចំណុះ រួមទាំងក្រុមការងារគាំទ្រ ជាពិសេសក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ គឺត្រូវតែផ្សារភ្ជាប់ទៅនឹងជីវភាពរបស់ប្រជាពលរដ្ឋ និងបង្កើតឱ្យមាន សកម្មភាពចូលរួមគាំទ្រ និងជួយជ្រោមជ្រែងពី សំណាក់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានផ្ទាល់ ដោយប្រកាន់ខ្ជាប់ នៅគោលការណ៍គ្រឹះ ៣ គឺសកម្មភាពដែលត្រូវអនុវត្ត ការត្រួតពិនិត្យតាមដាន ការវាយតម្លៃ និងតម្រង់ទិសបន្ថែម៕