ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មាន៖ មន្ទីរព័ត៌មានជាសេនាធិការ របស់រដ្ឋបាលរាជធានី-ខេត្ត ត្រូវខិតខំបន្តផលិត  និងផ្សព្វផ្សាយព័ត៌មាន ពីសក្តានុពលខេត្តឱ្យបានច្រើន និងចូលរួមទប់ស្កាត់ ព័ត៌មានក្លែងក្លាយ……

(ខេត្តឧត្តរមានជ័យ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ លើកទឹកចិត្តដល់មន្ត្រី នៃមន្ទីរព័ត៌មាន ខេត្តឧត្តរមានជ័យត្រូវធ្វើ ជាសេនាធិការល្អរបស់ រដ្ឋបាលខេត្តលើការងារព័ត៌មាន និងសាធារណមតិ ដោយបន្តយកចិត្តទុកដាក់ ពិនិត្យរាល់ព័ត៌មានមិនពិត ព្រមទាំងទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេល វេលារាល់ព័ត៌មានទាំងអស់ ដែលបានផ្សព្វផ្សាយតាម បណ្ដាញសង្គម ដែលធ្វើឱ្យប៉ះពាល់ស្ថិរភាព សណ្ដាប់ធ្នាប់ បង្កអសន្តិសុខក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេស។

ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា នេះបានធ្វើឡើងនៅក្នុង ឱកាសជួបសំណេះសំណាល សួរសុខទុក្ខ និងបំពាក់ មេដាយការងារ និងផ្តល់បណ្ណសរសើរ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មាន ខេត្តឧត្តរមានជ័យ ដែលមានស្នាដៃល្អក្នុង ការងាររបស់ខ្លួន នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកទឹកចិត្ត ក្រុមការងារព័ត៌មាន និងសាធារណមតិរបស់ មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ឱ្យបន្តផលិត និងផ្សព្វផ្សាយព័ត៌មាន ពីសក្តានុពលខេត្តឱ្យបានច្រើន ដើម្បីផ្តល់ព័ត៌មានសម្បូណ៌ បែបជូនដល់សាធារណជន និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ហើយសូមយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែង បង្កើនការផលិតពីព័ត៌មាន វិជ្ជមាននានាទាក់ទងនឹង សមិទ្ធផលសម្រេចបាន និងកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលខេត្ត មន្ទីរជំនាញក្នុងការ បម្រើប្រជាពលរដ្ឋលើគ្រប់វិស័យ។

ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះ មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ដែលបានសម្រេចបានកិច្ច ការងារយ៉ាងច្រើនក្នុងឆ្នាំ២០២៤ កន្លងទៅនេះក្នុង ការគ្រប់គ្រងព័ត៌មាន និងសោតទស្សន៍ក្នុងខេត្ត រួមទាំងការចូលរួមរៀប ចំសណ្តាប់ធ្នាប់វិស័យ សារព័ត៌មាន ពង្រឹងការអនុវត្តក្រម សីលធម៌វិជ្ជាជីវៈសារព័ត៌មាន។

ទន្ទឹមនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរ ដល់មន្ត្រីទាំងអស់នៃមន្ទីរព័ត៌មាន ខេត្តឧត្តរមានជ័យ  ចំពោះការបានចូលរួម យ៉ាងសកម្មក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ចូលរួមបំភ្លឺសាធារណៈ មតិអំពីបញ្ហាផ្សេងៗដែល បានកើតឡើង។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបាន ណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មាន ខេត្តឧត្តរមានជ័យ  ឱ្យប្រកាន់ខ្ជាប់នូវ អភិក្រមបុរេសកម្ម សកម្ម និងអន្តរសកម្ម ក្នុងការបំពេញតួនាទីរបស់ខ្លួន ជាពិសេសដើម្បីពង្រឹងបន្ថែមទៀតលើការងារផ្សព្វផ្សាយ គ្រប់គ្រង និងឆ្លើយតបព័ត៌មានប្រកបដោយប្រសិទ្ធភាព ជាសេនាធិការ របស់រដ្ឋបាលខេត្ត ក្នុងការងារព័ត៌មាន និងសាធារណមតិ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *