ខេត្តស្ទឹងត្រែងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំទ្វេភាគីលើកទី.១៤ ស្ដីពីសហប្រតិបត្តិការរវាងខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា ជាមួយខេត្តចាំប៉ាសាក់ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ!
ស្ទឹងត្រែងៈ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃ ១៥ ខែ ធ្នូ ឆ្នាំ២០២២នេះ នៅសាលប្រជុំធំសាលាខេត្តស្ទឹងត្រែង ដោយភាគីខេត្ត ចាំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំប្រតិភូថ្នាក់ដឹកនាំខេត្ត ដោយ ឯកឧត្តមបណ្ឌិត.វិល័យវង្ស ប៊ុតដាខាំ ជាអភិបាលខេត្ត នឹង ភាគីខាងខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈខេត្តស្ទឹងត្រែង និងជាសហប្រធានអង្គ ប្រជុំបានមានប្រសាសន៍ថា ៖ ដើម្បីឲ្យកិច្ចសហប្រតិបត្តិការរវាងខេត្ត ទាំងពីរ (ស្ទឹងត្រែង-ចាំប៉ាសាក់) ឲ្យបានកាន់តែល្អប្រសើរភាគីទាំងពីរ និង ដោយពិនិត្យលើលទ្ធផលនៃការចាត់តាំងអនុវត្តកំណត់ហេតុ លើកទី១៣ ដែលបានដាក់ចេញរួមគ្នារវាងប្រតិភូជាន់ខ្ពស់ខេត្តទាំងពីរ នាពេលកន្លងមក បានសបញ្ជាក់ឲ្យឃើញថាខេត្តស្ទឹងត្រែង និង ខេត្ត ចាំប៉ាសាក់ បានខិតខំរួមគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង តម្កល់ស្មារតី សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង ផលប្រយោជន៍របស់ប្រជាជន នៃប្រទេសជាតិទាំងពីរ ( កម្ពុជា_ ឡាវ )។
នៅក្នុងកិច្ចប្រជុំ ភាគីទាំងទាំងពីរព្រមព្រៀងគ្នារក្សាស្ថានភាពដើមរហូតដល់គណៈកម្មាការចម្រុះកិច្ចការព្រំដែនកម្ពុជា_ឡាវ បានបោះបង្គោលព្រំខណ្ឌសីមារវាងប្រទេសកម្ពុជា(កម្ពុជា_ឡាវ ឡាវ_កម្ពុជា ) ជាផ្លូវការបន្តពីមានការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលឡាវ នឹង ព្រមព្រៀងគ្នាបន្តផ្លាស់ប្តូរព័ត៌មានចាំបាច់សំខាន់ៗ ដែលពាក់ព័ន្ធ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ព្រមទាំងការអភិវឌ្ឍសង្គម ឲ្យបានទាន់ពេលវេលាទៅវិញទៅមកជាប្រចាំ នឹង ភាគីទាំងពីរបានព្រមព្រៀងបន្តកិច្ចសហប្រតិបត្តិការទប់ស្កាត់និង បង្ក្រាបរាល់បទល្មើសឆ្លងដែន ខុសច្បាប់ដូចជាអំពើភេរវកម្ម ការជួញដូរមនុស្សឆ្លងដែន ការដឹកជញ្ជូនទំនិញខុសច្បាប់ ការជួញដូរគ្រឿងញៀន ការជួញដូរអាវុធជាតិផ្ទុះ ការនាំចូលនិងប្រើប្រាស់រូបិយប័ណ្ណក្លែងក្លាយ ការជួញដូរឈើខុសច្បាប់ និងការកាប់បំផ្លាញធនធានធម្មជាតិជាដើម។