(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងថវិកាជំនួយ របស់ប្រទេសអូស្រ្តាលីសម្រាប់ គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤(CFR4)។
កិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្រា្តលី ប្រចាំនៅកម្ពុជា តំណាង រដ្ឋាភិបាលអូស្រា្តលី និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា។
ក្នុងនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានកោតសរសើរចំពោះ ការរួមចំណែកបន្ថែមរបស់ ប្រទេសអូស្រ្តាលី ចំនួន ២លានដុល្លារអូស្រ្តាលី ក្នុងវិស័យសកម្មភាពមីន ដែលពិតជាបានឆ្លើយ តបនឹងការប្តេជ្ញាចិត្តយ៉ាង មុតមាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយ បញ្ហាមីននៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះនៃ គោលនយោបាយអភិវឌ្ឍន៍ជាតិ។ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី នៅតែបន្តរក្សាសន្ទុះ និងការខិតខំប្រឹងប្រែង យ៉ាងម៉ឺងម៉ាត់ចំពោះអនាគត កម្ពុជាមួយដែលគ្មានមីន ដើម្បីភាពរីកចម្រើន របស់ប្រទេសជាតិ និងសុវត្ថិភាពរបស់ ប្រជាជនកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បន្តទៀតថា ប្រទេសអូស្ត្រាលី គឺជាមិត្តដ៏យូរអង្វែង និងរឹងមាំរបស់កម្ពុជាចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ ក្នុងការបង្កើតនូវការប្តេជ្ញា ចិត្តរួមក្នុងដោះស្រាយ បញ្ហាមីននៅកម្ពុជា។ ថវិកាជាង ១០០ ដុល្លារអូស្រ្តាលី តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ បានរួមចំណែកក្នុងការងារ បោសសម្អាតមីននៅកម្ពុជា ក្នុងនោះថវិកាជាង ៣៥ លានដុល្លារអាមេរិក សម្រាប់គម្រោង CFR ចាប់តាំងពីឆ្នាំ២០០៦។
ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ ចំពោះភាពជាដៃគូជាមួយ UNDP ចាប់តាំងពីឆ្នាំ១៩៩៣ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំវិស័យសកម្មភាពមីនរបស់កម្ពុជា ព្រមទាំងបានចាត់ទុកកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និង UNDP គឺជាដៃគូដ៏យូរអង្វែង និងមានទំនាក់ទំនងយ៉ាងល្អអស់រយៈពេលជាច្រើនឆ្នាំ ចំពោះការប្តេជ្ញាចិត្តក្នុង ការចូលរួមក្នុងសកម្មភាព មីននៅកម្ពុជា តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។
ឯកឧត្តមបណ្ឌិត លី ធុជ បានសង្កត់ធ្ងន់ទៀតថា “រាល់ចម្ការមីនដែលយើង បោសសម្អាតរួច គឺជាអំណោយជីវិតមិនអាចកាត់ ថ្លៃបានសម្រាប់ប្រជាជនកម្ពុជា។ ភាពជាដៃគូដែល យើងបានពង្រឹង នឹងនាំឱ្យយើងកាន់តែ ខិតជិតទៅនឹងចក្ខុវិស័យ ប្រទេសកម្ពុជាគ្មានមីន។ យើងមិនត្រឹមតែរួមគ្នា បោសសម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងកសាងស្ពាននៃក្តីសង្ឃឹម ភាពរុងរឿង និងសន្តិភាពសម្រាប់ មនុស្សជំនាន់ក្រោយ។ យើងទាំងអស់គ្នាត្រូវបន្តរួបរួមគ្នា និងបន្តឈរយ៉ាងរឹងមាំជាមួយគ្នា ដើម្បីសម្រេចបាននូវគោលដៅរួមកម្ពុជាមួយដែលគ្មានមីន ស្របតាម សុភាសិតខ្មែរ បុរាណបានពោលថា “ចង្កឹះមួយដើមគេកាច់បាក់ ចង្កឹះមួយបាច់គេមិន អាចកាច់បាក់បានឡើយ”។
ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តទៀតថា “ជាក់ស្តែងក្នុងភាពជាដៃគូយ៉ាងរឹងមាំរវាង កម្ពុជា អូស្រ្តាលី និង UNDP បានភ្ជាប់នូវកម្លាំង ធនធាន និងការប្តេជ្ញាចិត្តរួម ដើម្បីបង្កើតនូវចំណងដែលមិនអាចបំបែកបានក្នុងការបម្រើសុវត្ថិភាព វិបុលភាពរបស់ប្រជាជនកម្ពុជា និងសេចក្តីថ្លៃថ្នូររបស់សហគមន៍ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា”។
ឆ្លៀតក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះការប្តេជ្ញាចិត្ត និងបន្តការគាំទ្រប្រកបដោយសប្បុរសរបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ ណូវែលហ្សឺឡង់ និង UNDP ក្នុងចំណោមម្ចាស់ជំនួយដទៃទៀត ដើម្បីធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានសុវត្ថិភាព។
សូមបញ្ជាក់ថា សមិទ្ធផលទទួលបានពីការ អនុវត្តគម្រោងបោស សម្អាតមីនដើម្បីលទ្ធផល ក្រោមការសម្របសម្រួលរបស់ UNDP ចាប់តាំងពីឆ្នាំ២០០៦ មក បានរំដោះផ្ទៃដីមានមីនចំនួន ៣៨៤ គីឡូម៉ែត្រក្រឡា និងមានអ្នកទទួលផលចំនួនជាង ១,២ លាននាក់។