(សៀមរាប)៖ កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខា ខេត្តសៀមរាបបាន ប្រារព្ធពិធីប្រកាសជាផ្លូវការ ដាក់ឱ្យអនុវត្តការកែ ទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យ សំបុត្រចូលទស្សនារមណីយដ្ឋាន អង្គរក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។កំណែទម្រង់នេះនឹងបង្កភាព ងាយស្រួលដល់ភ្ញៀវទេសចរបរទេស ក្នុងការទស្សនារមណីយដ្ឋានអង្គរ ។
ការកែទម្រង់ប្រព័ន្ធលក់ សំបុត្រដែលដាក់ឱ្យ អនុវត្តនាពេលនេះ ជាការដាក់ឱ្យអនុវត្តនូវ ថ្នាលឌីជីថលសម្រាប់ការលក់ និង ការគ្រប់គ្រងការលក់ សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និងរមណីយដ្ឋានទេសចរណ៍ ពាក់ព័ន្ធផ្សេងទៀត ក្រោមសមត្ថកិច្ចរបស់ គ្រឹះស្ថានអង្គរ ដែលជាសមិទ្ធផលថ្មី មួយទៀត របស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យ ប្រសើរឡើងនូវការផ្តល់ សេវាជូនដល់អ្នកទេសចរអន្តរជាតិ, ការជំរុញការទាក់ទាញ ទេសចរអន្តរជាតិ និងការលើកកម្ពស់ កំណើនសេដ្ឋកិច្ចជាតិ ។
រាជរដ្ឋាភិបាលបានចាត់ ទុកវិស័យទេសចរណ៍ ជាមាសបៃតង និងជាសសរស្តម្ភមួយដ៏សំខាន់ ដែលជួយដល់ការជំរុញ កំណើនសេដ្ឋកិច្ច, បង្កើតឱកាសការងារ និងលើកស្ទួយវប្បធម៌ជាតិ ។ទន្ទឹមនេះទេសចរណ៍ ជាវិស័យមួយដែលមានការរីកចម្រើនយ៉ាងរហ័ស តាមរយៈការចាប់យកនូវបច្ចេកវិទ្យាថ្មី ជាពិសេស បច្ចេកវិទ្យាឌីជីថល ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការគ្រប់គ្រង និង ការស្តារឡើងវិញនៃ ឧស្សាហកម្មទេសចរណ៍ ។
សូមជម្រាបថា ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរដែលបាន ទិញសំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរមានចំនួន ១ ០២៣ ៦៨៨ នាក់ គិតជាទឹកប្រាក់មានចំនួន ៤៧ ៨២៦ ៩៨១ ដុល្លារ កើនឡើង ២៨.៥៧ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
រាជរដ្ឋាភិបាលបានបង្កើតគ្រឹះស្ថានអង្គរ ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាលនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។ ជាអង្គភាពថ្មីមួយសម្រាប់ធ្វើការគ្រប់គ្រងការប្រមូល និងការបង់ចំណូលពីការ លក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ដោយមានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាអាណាព្យាបាលហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ ជាអាណាព្យាបាលបច្ចេកទេស ៕