(ខេត្តកំពត)៖ ប្រតិបត្តិករទេសចរណ៍ ពិសេសអ្នកផ្តល់សេវាស្នាក់នៅបានបញ្ជាក់ថា កន្លែងរបស់ខ្លួនទទួលបានការកក់បន្ទប់ជាបន្តបន្ទាប់ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន-វៀតណាម រយ: ពេល៣ថ្ងៃ ខណៈដែលមន្ត្រីជំនាញ រំពឹងថាភ្ញៀវនឹងមកលេង ខេត្តកំពតច្រើន។
បុគ្គលិកម៉ូលីរីស៊ត មានទីតាំងក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត បានឱ្យដឹងកាលពីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ថា ដោយសារពលរដ្ឋកម្ពុជា មានសិទ្ធិពេញលេញផ្នែកជំនឿសាសនា ម្យ៉ាងពលរដ្ឋជាច្រើនជាប់សែស្រឡាយជនជាតិចិនផងនោះ ម៉ូលីរីស៊តបានរៀបចំតុបតែងលម្អ ដើម្បីអបអរសាទរ និងទទួលភ្ញៀវមកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីចិន-វៀតណាម។
បុគ្គលិកដដែលនោះបានបញ្ជាក់ថា តម្លៃបន្ទប់មិនឡើងថ្លៃទេ ផ្ទុយទៅវិញនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន- វៀតណាម ម៉ូលីរីសតមានការបញ្ចុះតម្លៃ ៣០% ហើយ មកដល់ពេលនេះ រីស៊តរបស់លោកបានទទួលការកក់បណ្តើរៗហើយ។
ចំណែកបុគ្គលិករមណីយដ្ឋាន ដូងទេរបានរៀបរាប់ថា ដើម្បីឆ្លើយតបនឹងតម្រូវការភ្ញៀវ ពិសេសបងប្អូនជាប់សែស្រឡាយជនជាតិចិន ដែលនឹងមកលេងក្នុង ខេត្តកំពតនាឱកាសបុណ្យចូលឆ្នាំថ្មីនេះ។ រមណីយដ្ឋានដូងទេរបាន រៀបចំលម្អកន្លែងតាមលក្ខណ :ប្រពៃណីជនជាតិចិន និងមានបង្កើតកម្មវិធីកម្សាន្ត សប្បាយៗជាច្រើន ព្រមទាំងបានរៀបចំពង្រីក ទីតាំងរបស់ខ្លួនឲ្យ កាន់តែធំទូលាយ និងមានសេវាកម្មកម្សាន្តច្រើនជាងមុន។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពតបានមានប្រសាសន៍ថា ដោយមានការយកចិត្តទុក ដាក់ពីឯកឧត្តមអភិបាលខេត្តក្នុ ងការលើកកម្ពស់វិស័យ ទេសចរណ៍តាមរយៈកិច្ចអភិវឌ្ឍ និងជំរុញលើកទឹកចិត្ត ឱ្យបង្កើតកម្មវិធីកម្សាន្ត សប្បាយផ្សេងៗបានធ្វើឱ្យ ខេត្តកំពតកាន់តែមានប្រជាប្រិយភាព។ លោករំពឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិ ចិន-វៀតណាមនេះ ភ្ញៀវនឹងមកលេង ខេត្តកំពតកាន់តែច្រើន៕ សេង ណារិទ្ធ